អ្នកនាំពាក្យក្រសួងសុខាភិបាលគូសបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់ អាចនឹងមានករណីចម្លងពីបុគ្គលទៅក្រុមគ្រួសារ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា មិនទាន់អាចប៉ានស្មានចំពោះអ្នកឆ្លងជំងឺ កូវីដ-១៩ មានចំនួនប៉ុន្មាននាក់នោះទេ សម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអាច​នឹង​មាន​ករណីចម្លងពីបុគ្គលទៅសមាជិកគ្រួសារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ របស់រដ្ឋ បាល ខេត្តកំពង់ឆ្នាំង”និង“បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូវីដ-១៩” នាព្រឹកថ្ងៃទី១៨ ខែមី នា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា “យើងមិនអាចប៉ាន់ប្រមាណ​ចំពោះ​អ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាថា ប៉ុន្មាននោះទេ ព្រោះថាអ្នកឆ្លងជំងឺនេះភាគច្រើនឆ្លងពីខាង ក្រៅប្រទេសមានចំនួនច្រើនករណីហើយ។ អីញ្ចឹងយើងគិតជាបឋមនឹងអាច មានការ​ចម្លងពីបុគ្គលដល់ក្រុមគ្រួសារជា បឋម”។ លោកជំទាវបានបន្ដថា បើសិនបុគ្គលម្នាក់ឆ្លង​ជំងឺ​កូវីដ-១៩នេះអាចឆ្លងទៅកាន់សមាជិកគ្រួសារ​ដែលតាមការជំរឿនក្នុងគ្រួសារយ៉ាងតិច​៣​នាក់​នោះ យើងគិតថាបើយកចំនួន៣នាក់ក្នុងមួយគ្រួសារគុណនឹងចំនួនដែលរកឃើញ។ជាមួយគ្នា​ នេះ បើសិនឆ្លងពីបុគ្គល យើងត្រូវគិតចំនួននេះសិន  ព្រោះដោយសារមិនទាន់រកឃើញ​ការ​ឆ្លង​នោះទេ ។ ដូច្នេះយើងត្រូវតែធ្វើការទប់ស្កាត់ កុំឱ្យមានការ ចម្លង បន្ត។

លោកជំទាវអ្នកនាំពាក្យក៏បានអះអាងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ឬវិជ្ជមានជំងឺនេះ បានរកឃើញថា មិនមានការឆ្លងទៅកាន់ក្រុមគ្រួសារនោះទេ។ ដូច្នេះបានជាក្រសួងសុខាភិ​បាល  ក៏ដូចជាក្រុមស្រាវជ្រាវប្រ កាសថាមិនទាន់រកឃើញមានករណីឆ្លង​នៅក្នុងសហគមន៍​នោះទេ។

លោកជំទាវបានបញ្ជាក់បន្ថែមថា “យើងគិតត្រឹមខ្ញុំកំពុងនិយាយពេលនេះ ក៏ប៉ុន្តែនៅ ពេល​ខាងមុខយើងមិនដឹងមានឆ្លង ឬយ៉ាងណានោះទេ តែយើងកំពុងស្រាវជ្រាវយ៉ាងសកម្ម តែយើងមិនអាចប៉ាន់ប្រមាណមានចំនួនប៉ុន្មាននោះទេ”។ លោកជំទាវបានលើកឡើងដែរថា ក្រុមអ្នកស្រាវជ្រាវ ពិសេសនោះសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិកបានបាន កំពុងខិតខំស្រាវជ្រាវវ៉ាក់សាំងជំងឺកូវីដ-១៩នេះ  ប៉ុន្តែការស្រាវជ្រាវ ឬផលិតវ៉ាក់សាំងនេះ​មិនអាចទាមទារ ពេលវេលា១ខែចេញនោះទេ​គឺគេត្រូវការស្រាវជ្រាវឃើញហើយសាកល្បង​ចាក់​ទៅលើ​មនុស្សកុំឈឺ ។ ព្រោះថាបើវ៉ាក់សាំងនេះមិនស្រួល ហើយចាក់លើមនុស្សឈឺវិញ។

លោកជំទាវបានបន្ដថា ការរកឃើញវ៉ាក់សាំងព្យាបាលជំងឺអ្វី​ដែលត្រូវមានការបញ្ជាក់​ជាចុង​ក្រោយ ពីអង្គការសុខភាពពិភពលោក  ព្រោះថាអង្គការនេះមានក្រុមការងារវាយតម្លៃថា​អាច​មានប្រសិទ្ធភាពចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ នៅពេលចាត់វា។ លោកជំទាវបានបន្ថែមថា “អ្វីដែលខ្ញុំគត់សម្គាល់នោះការរកឃើញរបស់ចិនគឺស្ថិតក្នុងការសិក្សានៅឡើយ ព្រោះមិនទាន់​មានការទទួលស្គាល់ចុងក្រោយពីអង្គការសុខភាពពិភពលោកនោះទេ។ តាមនីតិវិធីវិជ្ជសាស្ត្រ ការរកស្រាវជ្រាវវ៉ាក់សាំងនេះអាស្រ័យលើបណ្តាប្រទេសនីមួយៗ ហើយមានការចូលរួមពី​អ្នកជំងឺ​​តែម្តងក្នុងការស្ម័គ្រ​និងងការប្រើប្រាស់វ៉ាក់សាំង នៅពេលប្រើប្រាស់ទៅគ្មានប៉ះពាល់អ្វី​ដល់សុខភាព រួចហើយមានការវាយតម្លៃចុងចក្រោយថាការប្រើប្រាស់វ៉ាក់សាំងនេះ​មាន​សុវត្ថិភាពហើយ នោះលទ្ធផលគេនឹងចេញលទ្ធផលចុងក្រោយជាផ្លូវការតែម្តង។”

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការបានបន្ថែមទៀតថា បើសិនជាចិនរកឃើញ​វ៉ាក់សាំងហើយអាចព្យាបាលជំងឺកូវីដ-១៩នេះពិតមែននោះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង​សុខាភិបាលកំពុងទន្ទឹងរង់ចាំក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនៅ​កម្ពុជា​ផងដែរ ព្រោះថាកម្ពុជា និងចិនមានទំនាក់ទំនងគ្នាល្អ។

សូមបញ្ជាក់ផងដែរ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមីនានេះ ក្រសួងសុខាភិបាល​បាន​ធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន១,១១២ករណី ដោយរកឃើញអ្នកផ្ទុកកូវីដ-១៩នេះ ចំនួន៣៥ករណី៕

ដោយ ប៊ុនរិទ្ធ