អភិបាលខេត្តកណ្តាល ចុះពិនិត្យលើនាវាទេសចរណ៍ចំនួន៥គ្រឿង ដែលប្រទេសវៀតណាម មិនអនុញ្ញាតឱ្យចូលចត

AKP កណ្តាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០–នៅថ្ងៃអង្គារ៍ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីជំនាញ អ្នកពាក់ព័ន្ធ និងមន្រ្តីចត្តាឡីស័ក ចុះទៅធ្វើការពិនិត្យលើនាវាទេសចរណ៍ចំនួន ៥គ្រឿង ដែលប្រទេសវៀតណាម មិនអនុញ្ញាតឱ្យចូលចតនោះ។

មន្រ្តីជំនាញបានបញ្ជាក់ថា នាវាចំនួន ២គ្រឿង ដែលបានធ្វើតេស្តរួចហើយនោះ មិនមានភ្ញៀវទេសចរណ៍ទេ គឺមានតែនាវិក និងអ្នកបម្រើការនៅលើនាវានេះ ហើយក៏មិនបានរកឃើញអ្នកមានមេរោគ Covid-19 ដែរ។ ជាមួយគ្នានេះនៅវេលាម៉ោង១២ និង ៤៥នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មន្ត្រីជំនាញចត្តាឡីស័ក បាននិងកំពុងធ្វើតេស្តរកមេរោគ Covid-19 នៅលើនាវាចំនួន ៣គ្រឿងទៀត ជាលទ្ធផលមិនបានរកឃើញអ្នកមានមេរោគ Covid-19ឡើយ។ បន្ទាប់ពីធ្វើការពិនិត្យរួចមក នាវាទាំង៥គ្រឿង ត្រូវបានអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ អនុញ្ញាតឱ្យធ្វើដំណើរទៅកំពង់ផែស្វយ័តភ្នំពេញ ។

សូមបញ្ជាក់បន្តថា នាវាទាំង ៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះភ្ញៀវទេសចរ ៧៧នាក់ អ្នកបម្រើការងារ និងនាវិក ១២៣នាក់ ត្រូវបានអាជ្ញាធរវៀតណាមមិនឱ្យចូលចតក្នុងប្រទេសវៀតណាមឡើយ ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២ ទើបរាជរដ្ឋាភិបាលអន្តរាគមន៍នាំមកកាន់ប្រទេសកម្ពុជាវិញ៕

ដោយ ណយ នឿន(ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)