កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៣នាក់ គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ 

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ — ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០៩នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកវិជ្ជមានសរុប កើនដល់ចំនួន៣៣នាក់ គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទើបទទួលបាននៅមុននេះបន្តិច។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៩នាក់ថ្មីនោះ គឺមាន៦នាក់ជាខ្មែរឥស្លាម និង៣នាក់ជាជនជាតិម៉ាឡេស៊ី ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី សរុបចំនួន៧៩នាក់។ សរុបជនជាតិឥស្លាមដែលវិលត្រលប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ហើយដែលវិជ្ជមានវីរុសកូវីដ១៩គឺ ១៩នាក់ ក្នុងចំណោម៧៩នាក់ និងមានជនជាតិម៉ាឡេស៊ី០៣នាក់ វិជ្ជមានវីរុសកូវីដ១៩ ដែលមកពីប្រទេសម៉ាឡេស៊ី។

ដើម្បីទប់ស្កាត់ការរីករាលដាល ឬការចម្លងទៅកាន់សហគមន៍ ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរដែនដី បាននិងកំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាឥស្លាម នៅប្រទេសម៉ាឡេស៊ីកន្លងមកនេះបន្ថែមទៀត និងបន្តធ្វើកិច្ចការស្រាវជ្រាវករណីជាបន្តទៀត ព្រមទាំងជម្រាបជូនដល់សាធារណជន ប្រសិនបើរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីណាផ្សេងទៀត។

សូមរម្លឹកថា ករណីជំងឺកូវីដ១៩ ទាំង៣៣ សុទ្ធសឹងជាករណីនាំចូលទាំងអស់ លើកលែងតែករណីបុរសជនជាតិខ្មែរនៅខេត្តសៀមរាប ដែលបានប៉ះពាល់ដោយផ្ទាល់ និងឆ្លងពីបុរសជនជាតិជប៉ុនដែលមានជំងឺនេះ។

ដោយ ផែន រតនៈ