ជប៉ុនកំពុងដំណើរសាងសង់វិទ្យាស្ថានគរុកោសល្យ នៅខេត្តបាត់ដំបង និងនៅភ្នំពេញ បានប្រមាណ៣៣ភាគរយហើយ

AKP បាត់ដំបង ថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០២០ — ក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការលើ​ក​កម្ពស់គុណភាពអប់រំនៅកម្រិតបឋម និងមធ្យមសិក្សាបឋមភូមិតាមរយៈការលើកកម្ពស់គុណភាពគ្រូបង្រៀន រដ្ឋាភិបាលជប៉ុ​ន​តាមរយៈអង្គការចៃការជប៉ុនប្រចាំកម្ពុជា បានផ្តល់គម្រោងជំនួយសម្រាប់ការសាងសង់ និងការបំពាក់សម្ភារនៅវិទ្យាស្ថានគរុកោសល្យទាំងពីរនៅភ្នំពេញ និងនៅខេត្តបាត់ដំបង ក្នុងទំហំទឹកប្រាក់ ៣១៧០លានយ៉េន (បីពាន់មួយរយចិតសិបលានយ៉េន) ស្មើនឹងប្រមាណ ២៩លានដុល្លារអាម៉េរិក (ម្ភៃប្រាំបួនលានដុល្លារអាម៉េរិក) សម្រាប់ដល់ការសាងសង់មូលដ្ឋាន គ្រឹះ ពង្រឹងសមត្ថភាពគ្រូបង្រៀននៅកម្ពុជា។

លោក MASHAKI SAKAKURA ប្រធានគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ បានប្រាប់ដល់ដំណើរទស្សកិច្ចរបស់ក្រុមអ្នកសារព័ត៌មានស្តីពី ហិរញ្ញប្បទានអភិវឌ្ឍន៍ របស់ រដ្ឋាភិបាលជប៉ុននៅកម្ពុជា កាលពីពេលថ្មីៗនេះនៅវិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបងថា មកដល់ពេលនេះវិទ្យាស្ថានគរុ​កោសល្យទាំងពីរ ទាំងនៅភ្នំពេញ និងនៅខេត្តបាត់ដំបងបាន ដំណើរការសាងសង់ដោយក្រុមហ៊ុនជប៉ុនបានប្រមាណ៣៣​ភាគរយ​ហើយ ដោយគិតពីពេល ចាប់ផ្តើមសាងសង់នាឆ្នាំ២០១៩មក។

លោកបន្តថា វិទ្យាស្ថាននៅខេត្តបាត់ដំបង មានអគារ ៥ខ្នង គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២០ ចំណែកវិទ្យាស្ថានគរុ​កោ​សល្យរាជធានីភ្នំពេញ មាន ៤ខ្នង គ្រោងនឹង បញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ នៅពេលបញ្ចប់វិទ្យាស្ថានគរុកោស​ល្យទាំងពីរនេះនឹងក្លាយជា មជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ផ្តល់ការអប់រំគ្រូបង្រៀនដល់កម្រិតបរិញ្ញាបត្រ និងជាវិទ្យាស្ថាន បណ្តុះធន​ធាន​មនុស្សលើកកម្ពស់គុណភាពអប់រំ សនិងគុណភាពគ្រូបង្រៀនផងដែរ។

សូមបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សគឺស្ថិតនៅក្នុងមុំមួយ នៃមុំទាំងបួនរបស់យុទ្ធ សាស្ត្រចតុកោណក្នុងអាណត្តិប្រាំឆ្នាំនេះ។ ឯគុណភាពនៃការអប់រំ គឺជាចំណុច អាទិភាពមួយ នៅក្នុងវិស័យអប់រំរបស់កម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បានកសាងនូវផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ(២០១៩-២០២៣) ដើម្បីដាក់ចេញនូវ ការកែទម្រង់ក្នុងវិស័យការ លើកកម្ពស់គុណភាពអប់រំ និងការពង្រីកសេវាអប់រំ ឱ្យកាន់តែទូលំ ទូលាយទូទាំងប្រទេស ជាពិសេសការអភិវឌ្ឍធនធានមនុស្ស សម្រាប់នាំផ្លូវកម្ពុជាឈានឆ្ពោះ ទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែល មានប្រាក់ ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីក្លាយទៅជាគ្រូបឋម និងមធ្យមសិក្សាបឋមភូមិ ត្រូវទទួលការបណ្តុះបណ្តាលរយៈពេល២ឆ្នាំ បន្ទាប់ពីប្រឡងជាប់ថ្នាក់ទី១២ ដែលគេហៅថា ១២+២ ហើយចាប់ពីឆ្នាំ២០២០តទៅ ការបណ្តុះបណ្តាលគ្រូបឋម និងគ្រូមធ្យមសិក្សាបឋមភូមិ នឹងអនុវត្តន៍តាមរូបមន្ត១២+៤ និងបរិញ្ញាបត្រ+១ ដូចបានដាក់ចេញតាំងពីក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំអាណត្តិមុន។ ក្នុងឆ្នាំ២០១៨ ការបណ្តុះបណ្តាលសាក ល្បងតាមរូបមន្ត១២+៤ បានដាក់ឱ្យដំណើរការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ការកែទម្រង់ការអប់រំគ្រូបង្រៀនទាំងនេះ គឺបានផ្តួចផ្តើមចេញពីផែនការ សកម្មភាពសម្រាប់គោលនយោបាយគ្រូបង្រៀនឆ្នាំ២០១៥ ដែលក្រសួង និងដៃគូអភិវឌ្ឍន៍ បានចាត់ទុកជាអាទិភាពចំបងក្នុងការដោះស្រាយបញ្ហាប្រឈម និងគោលនយោបាយ កែទម្រង់នានា។ តាមរយៈទីភ្នាក់ងារចៃការជប៉ុនប្រចាំកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្តល់ គម្រោងជំនួយបច្ចេកទេសរយៈពេល៦ឆ្នាំ (ប្រាំមួយឆ្នាំ) សម្រាប់ជួយគាំទ្រដល់ការ កែទម្រង់ ការអប់រំគ្រូបង្រៀននេះឡើង ដោយបង្កើតនូវមូលដ្ឋាននានា សម្រាប់កម្មវិធីអប់រំគ្រូបង្រៀន រយៈពេលបួនឆ្នាំ (កម្រិតបរិញ្ញាបត្រ) ក្នុងគោលបំណងឱ្យគរុសិស្ស ដែលបញ្ចប់ការ សិក្សាពី វិទ្យាស្ថានគរុកោសល្យទៅ​ នឹងផលិតបានជាគ្រួដែលប្រកប​ដោយគុណភាព ដើម្បីរួមចំណែក លើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង៕

ដោយ ប៉ាល់ សុង