អគ្គលេខាធិការរដ្ឋសភា៖ រដ្ឋសភាសម្រេចឱ្យមន្ត្រីធ្វើការតាមអនឡាញពីផ្ទះឱ្យបានច្រើន​ដើម្បីបង្ការជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានគូស​បញ្ជាក់ថា ចាប់ពីពេលនេះតទៅរដ្ឋសភាបានសម្រេច ឱ្យមន្ត្រីរបស់ខ្លួនដែលអាចធ្វើការតាម​អនឡាញមកពីផ្ទះបាន ត្រូវធ្វើការតាមអនឡាញក្នុងការកាត់បន្ថយទៅធ្វើការដល់កន្លែង ដើម្បី​បង្ការជំងឺកូវីដ-១៩ដែលកំពុងរាតត្បាតមកលើប្រទេសកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បាន​មាន​ប្រសាសន៍ថា រដ្ឋសភានឹងចាប់ផ្តើមអនុវត្តន៍សម្រាប់ការប្រាស្រ័យ ទាក់ទងគ្នា​លើការងារ​តាមរយៈអនឡាញដែលរដ្ឋសភាបានរៀបចំអាសយដ្ឋានអនឡាញរបស់ខ្លួន សម្រាប់ ការ​ទំនាក់ទំនងពីខាងក្រសួង ស្ថាប័ននានា។ ជាមួយគ្នានេះ ឯកឧត្ដមអគ្គលេខាធិការបាន​បន្ថែម​ថា រដ្ឋសភាក៏នឹងកាត់បន្ថយនូវឯកសារឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ជា​ពិសេសជំរុញឱ្យមន្ត្រីរដ្ឋសភាធ្វើការងារតាមអនឡាញពីផ្ទះឱ្យបានច្រើន បំផុតដើម្បីកាត់​បន្ថយ​ការជួបជុំគ្នាច្រើននៅកន្លែងធ្វើការ។

សូមជម្រាបផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៥ រួមមាន៖ ១- ការពិនិត្យសំណើសុំកោះ​ប្រជុំ​រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣។ ២- ការពិនិត្យសំណើសុំអនុម័តនូវ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់​របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ៊ិនវេសម៉ិនគ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិស នីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។ ៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់​ព្រម​លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន​សេង ខូលម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយ​សៀមរាបខាងកើត។ ៤- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការ​អនុម័ត​យល់​ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហានសេង ខូលម៉ាញ សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុ​ភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ និង ៥- ការ ពិនិត្យសេចក្តីព្រាងរបាយការណ៍​ស្តីពី​សកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៦៕

ដោយ រិទ្ធី