ថៃរកឃើញករណីឆ្លងថ្មីនៃជំងឺCOVID-19 ចំនួន ៣០ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ថៃបានប្រកាសថា បានពិនិត្យរកឃើញនូវអ្នកផ្ទុកវីរុស COVID-19 ចំនួន ៣០ ករណីបន្ថែមទៀតនាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១៧៧នាក់។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០២០។
យោងតាមប្រភពពីលោក សុខុម កញ្ចណាភីម៉ៃ (Sukhum Kanchanaphimai) លេខាធិការអចិន្រៃ្តយ៍នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៣០ ករណីខាងលើមាន១១ករណីឆ្លងតាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់មួយដែលមានមនុស្សច្រើនកុះករនៅទីក្រុងបាងកក ខណៈ១៩ករណីផ្សេងទៀតឆ្លងតាមរយៈការប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយជនបរទេស។មន្ត្រីរូបនេះបន្តថា ករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសថៃរកឃើញនៅទីក្រុងបាងកកច្រើនជាងគេដែលមានរហូតដល់អត្រា ៧០% ទៅ ៨០%។
សូមបញ្ជាក់ថា បើរាប់ទាំងចំនួនអ្នកឆ្លងCOVID-19ខាងលើនេះ ប្រទេសថៃមានអ្នកឆ្លងសរុប១៧៧នាក់ បាត់បង់ជីវិតម្នាក់ និងជាសះស្បើយចំនួន ៤១ នាក់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters