ជំនួយរបស់ភាគីចិន សម្រាប់ការពារជំងឺវីរុស COVID-19 ដែលផ្ដល់ជូនកម្ពុជា នឹងមកដល់នៅយប់ថ្ងៃទី១៧ ខែមីនានេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ — តាមការប៉ាន់ស្មានទុកមុន សារធាតុ Detection Reagent ជំងឺវីរុស COVID-19 សម្រាប់​២,០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា នឹងមក​ដល់រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ នៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមការចេញ​ផ្សាយ​របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

ស្ថានទូតចិនបានបញ្ជាក់ឱ្យដឹងថា ជំនួយសារធាតុទាំងនេះ ​នឹងត្រូវបានទទួល​ដោយ​ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រទេសចិននឹងបន្តផ្តល់ជំនួយជា​សម្លៀកបំពាក់ការពារ​ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំង​ខិតខំ​ផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩នេះ ជូនចំពោះភាគី​កម្ពុជា៕​

ដោយ រិទ្ធី