ផ្សារទំនើប ជីប ម៉ុង ធ្វើ​ឱ្យ​កសិករ​ និង​អ្នក​ផលិត​​ក្នុងស្រុក សម្បូរ​ការងារ​

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ — ផ្សារ​ទំនើប​ ជីប ម៉ុង​ ដែល​ជា​ផ្សារ​ទំនើប​វិនិយោគ​ដោយ​ពលរដ្ឋ​កម្ពុជា​១០០​ភាគ​រយ​ ជួយ​លើក​​​ស្ទួយ​ផលិតផល​​ក្នុង​ស្រុក ដែល​ធ្វើឱ្យ​កសិករ​ និង​អ្នក​ផលិត​​ក្នុងស្រុក​សម្បូរ​​ការងារ​ធ្វើ​​​។

ផ្សារ​ទំនើប ជីប ម៉ុង​ ​បាន​ធ្វើការ​យ៉ាងជិត​ស្និទ្ធជាមួយសមាគមកសិករ និង​អ្នក​ផលិតក្នុង​ស្រុក​​ ​ដើម្បី​ធ្វើឱ្យទិន្នផល​​កសិកម្ម​ និង​ទំនិញ​ផ្សេង​ៗ​​ ដែល​ពួក​គេ​ផលិត​បាន​ មាន​​គុណភាពខ្ពស់​​ វិច​ខ្ចប់​​ប្រកប​ដោយ​​ស្ដង់ដារ​ អាច​​ផ្គត់​ផ្គង់​មក​កាន់​​ទីផ្សារបាន​ទៀង​ទាត់ ព្រម​ទាំង​ជួយ​លក់​ផលិត​ផល​របស់​ពួក​គេ​នៅ​ក្នុង​ផ្សារ​ទំនើប​​ផង​​ដែរ។

រាល់​ទិន្នផល​​កសិកម្ម​ និង​ទំនិញ​ទាំង​អស់​ ដែល​ផលិត​ក្នុង​ស្រុក​ នឹង​មាន​ដាក់អក្សរសម្គាល់​ «ផលិតផលប្រទេសកម្ពុជា» ពេល​​ដាក់​តាំង​​លក់ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ក៏ដូចជាពេលបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយនានា។ មុន​នឹង​អនុញ្ញាត​យក​មក​តាំង​លក់​ក្នុង​ផ្សារ​ទំនើប​ ជីប ម៉ុង ផលិតផល​ក្នុង​ស្រុក​​របស់សមាគមកសិករ និងអ្នកផលិតទាំង​​អស់នេះ​​សុទ្ធ​តែ​​​​មាន​ ប័ណ្ណប៉ាតង់​ ឬ ​វិញ្ញាបនបត្រ​បញ្ជាក់​ពីគុណភាព សុវត្ថិភាព​ ការ​​ចុះ​​ពិនិត្យ​ដល់​​កសិដ្ឋាន​​ផ្ទាល់​ និង​​ការ​ឈ្វេង​យល់​​ច្បាស់​លាស់​ពី​ផលិតផល​ និង ​អ្នកផ្គត់ផ្គង់៕

ដោយ គង់ សិរីរ័ត្ន