ឯកឧត្ដម ជា សុផារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២០​ — ដើម្បីបញ្រ្ជាបការយល់ដឹងច្បាប់ ស្តីពីសំណង់ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងលើវិស័យសំណង់ ក្រសួង រៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញនាព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញា ធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ។

ពីធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់  និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ព្រមទាំងមន្ត្រីជាង៣០០នាក់ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃ រដ្ឋបាលរាជធានីភ្នំពេញនេះធ្វើឡើង គឺក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹង ច្បាប់ស្តីពីសំណង់ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈដល់មន្ត្រីរបស់យើង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យ កាន់តែល្អប្រសើរឡើង។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ យើងមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន២៣៧កន្លែង អគារខ្ពស់ៗចំនួន៤ជាន់ឡើងទៅ មានចំនួន១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ចំនួន៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន២៦០ទីតាំង និងទទួលបាននូវ គម្រោងសាងសង់ថ្មីៗទៀត ចំនួន១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប្រមាណជា ៣,៤ពាន់លានដុល្លារអាម៉េរិក។

ឯកឧត្ដមបន្តទៀតថា ទន្ទឹមនឹងការរីកចម្រើននេះ រាជធានីភ្នំពេញក៏មានបញ្ហា ប្រឈមយ៉ាងខ្លាំងផងដែរ ពិសេសលើវិស័យសំណង់នេះ ព្រោះសំណង់កាន់តែច្រើន ទំហំកាន់ តែធំ អគារកាន់តែខ្ពស់ ធ្វើឱ្យយើងកាន់តែស្មុគស្មាញ ដែលទាមទារឱ្យយកចិត្តទុកដាក់ ពង្រឹងយន្តការគ្រប់គ្រងរាល់ការសាងសង់ និងការដ្ឋានសំណង់ទាំងអស់ ឱ្យបានត្រឹមត្រូវទៅតាមស្តង់ដារ គុណភាព បច្ចេកទេសសាងសង់  ដើម្បីធានាភាពរឹងមាំ សោភណ្ឌភាពគុណភាពសំណង់ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ការងារ ដែលកើតឡើងដោយយថាហេតុ។

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកម្លាំង មានសមត្ថកិច្ចបានធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍនិងមានសន្តិសុខល្អប្រសើរ។

ឯកឧត្ដម ជា សុផារ៉ា បន្តថា ច្បាប់សំណង់ដែលធ្វើការផ្សព្វផ្សាយនេះមាន ចំនួន២២ ជំពូកនិង១១១មាត្រា ហើយគោលបំណងបង្កើតឱ្យមានការផ្សព្វផ្សាយនេះរួមមាន៖ ទី១. ចង់ឱ្យអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្តន៍ ឱ្យបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកបទៅដោយ ការទទួលខុសត្រូវ។ ទី២. គឺការជំរុញការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវ និងក្រុមហ៊ុនប្រកប ការងារលើវិស័យសំណង់។ ទី៣. បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគគិន និងអតិថិជនគ្រប់វិស័យទាំងអស់។

ឯកឧត្ដមបន្តទៀតថា លើការងារនេះយើងបានបណ្តុះបណ្តាលរួចហើយ នៅតាម បណ្តាខេត្ត រាជធានី ក្នុងនោះនៅខេត្តបន្ទាយមានជ័យ សៀមរាប ព្រះសីហនុ និងរាជធានីភ្នំពេញ ខណៈខេត្ត និងរាជធានីនេះកើតឡើងនូវសំណង់ច្រើន ហើយចំពោះការ ផ្សព្វផ្សាយវិញ យើងបានផ្សព្វផ្សាយរួចហើយដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ចាម ខេត្តកែប និងខេត្តត្បូងឃ្មុំជាដើម៕

ដោយ សួស សំរិត