អាជ្ញាធរជាតិអប្សរា កំពុងដំណើរការសិក្សាជួសជុលខ្លោងទ្វារតាកាវខាងលិច នៃប្រាសាទបាយ័ន

AKP សៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ហើយជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខ្លោងទ្វារបានឱ្យដឹង នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះថា ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារ ទាំង៥ នៃរាជធានីអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។

ដោយសារអាយុ កាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើម ឈើបណ្តាលឱ្យរូបចម្លាក់ បង្កាន់ដៃយក្ស និងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនា សម្ព័ន្ធរបស់ខ្លោងទ្វារ មួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។ ​បច្ចុប្បន្នមានអ្នកជំនាញ ស្ថាបត្យកម្ម ក្រុមសម្រង់ប្លង់ ក្រុមរក និងផ្គុំថ្ម និងក្រុមដំឡើងរន្ទា កំពុងអនុវត្តន៍ការងារទល់ទ្រ រចនាសម្ព័ន្ធផ្នែកខាងក្នុងខ្លោងទ្វារ ស្វែងរកបំណែកថ្មនៃតួខ្លោងទ្វារ ដំរីអាទិទេព និងបង្កាន់ដៃ។

ចំណែកក្រុមការងារផ្នែកបុរាណវិទ្យាគ្រោង នឹងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីស្វែងរកបំណែកថ្មបន្ថែម ព្រមទាំងសិក្សាពីរចនាសម្ព័ន្ធគ្រឹះរបស់ខ្លោងទ្វារ និងបង្កាន់ ដៃផងដែរនៅពេលរកថ្មនៅស្រទាប់ដីចាក់បង្គរខាងលើបញ្ចប់។ កិច្ចការនេះដំណើរការ ជួសជុលចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ហើយគម្រោងនេះត្រូវការរយៈពេលប្រមាណ២ឆ្នាំ ដើម្បីអនុវត្តន៍។

កញ្ញាបន្តទៀតថា ខ្លោងទ្វារតាកាវនេះ រងនូវហានីភ័យខ្ពស់ត្រង់តួនៃខ្លោងទ្វារ ចំណុចដំរីអាទិទេពដោយសារទម្ងន់ពីកំពូលខ្លោងទ្វារសង្កត់ធ្លាក់មកក្រោមចំដំរីទាំង៤។ ដូច នេះការជួសជុលនៅដំណាក់កាលទី១ តម្រូវឱ្យមានការជួសជុល និងពង្រឹងដំរីនេះ ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធនៃខ្លោងទ្វារ។ ដំណាក់កាលទី២ នឹងជួសជុលតួខ្លោងទ្វារ ហើយ ដំណាក់កាលទី៣សិក្សា និងពង្រឹងទួលដែលនៅជុំវិញខ្លោងទ្វារ។

កញ្ញា លីលីន បញ្ជាក់ដែរថា ៣ខែកន្លងមកនេះ ក្រុមការងារបានដំឡើងរន្ទា ផ្នែកខាងក្នុង បានប្រមាណ៦០ភាគរយ ហើយដើម្បីជួយទ្រទ្រង់រចនាសម្ព័ន្ធខ្លោងទ្វារ នៅពេលរើថ្មដំរីដើម្បីជួសជុល។ បន្ថែមពីនោះ ក៏បានចុះបញ្ជីថ្មរាយប៉ាយទាំង៤ទិស ចែកចេញ ជា៤តំបន់ទៅតាមទិសនីមួយៗ រកថ្មដំរី រកថ្មដំបូលដែលបាត់ សម្រង់ប្លង់ គូរប្លង់ និងធ្វើប្លង់ ហានីភ័យនៃខ្លោងទ្វារ។ ក្នុងនោះដែរ ក្រុមការងារក៏បានសាកល្បងផ្គុំថ្មបង្កាន់ដៃយក្ស ពេលបានប្រទះឃើញបំណែកតួខ្លួននិងប្រអប់ដៃយក្សពេលរកថ្មផងដែរ។ ជាកិច្ចការងារបន្ត ក្រុមការងារក៏នឹងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដើម្បីសិក្សាពីគ្រឹះតួបង្កាន់ដៃនិងបង្ហាប់គ្រឹះឡើងវិញ រួចសិក្សាលើផ្លូវដែលឆ្លងកាត់ដែលជាចំណោទនាំទឹកហូរច្រោះឱ្យរលុះដី ដើម្បីកែប្រែ សណ្ឋានដី និងបុកបង្ហាប់ដីឱ្យស្មើនឹងគ្រឹះនៃបង្កាន់ដៃយក្សនិងទេវតា សងខាងការពារការហូរច្រោះដី។

ចំពោះខ្លោងទ្វារតាកាវកន្លងមក មិនធ្លាប់ទទួលបានការជួសជុលទេ គ្រាន់តែបាន ទល់ទ្រដំរីអាទិទេពទាំង៤នៅឆ្នាំ២០០៧ ហើយក្រាលកម្រាលឈើដើម្បីធ្វើដំណើរឆ្លងកាត់។ លុះឆ្នាំ២០១៥ ក្រុមការងារក៏បានរុះកម្រាលឈើ ហើយចាក់ដីបំពេញដោយដីក្រហម និងហាមមិនឱ្យរថយន្តឆ្លងកាត់ ដោយអនុញ្ញាតឱ្យតែម៉ូតូ និងរ៉ឺម៉កប៉ុណ្ណោះ៕

ដោយ ឃុត សៅ