អ្នកនាំពាក្យក្រសួងរៀបចំដែនដីគូសបញ្ជាក់ថា សំណង់ចំនួនជាង៥០០ នៅខេត្តព្រះសីហនុ​ត្រូវបានត្រួត​ពិនិត្យគុណភាពរួចរាល់ ក្នុងនោះ១៤សំណង់បញ្ជាឱ្យរុះចោល

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូស​បញ្ជាក់​ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្តព្រះសីហនុ និងក្រោយការបាក់រលំអគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នោះ សំណង់អគារចំនួន៥២០សំណង់ ​នៅក្នុងខេត្តនេះ​ត្រូវបានគណៈ​កម្មការ​ បាន​ធ្វើការត្រួតពិនិត្យ ក្នុងនោះ១៤សំណង់គឺបញ្ជាឱ្យរុះចោលតែម្តង។ ឯកឧត្តមបាន​លើក​ឡើង​បែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ​របស់​​ក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០​នៅទីស្តីការ​គណៈរដ្ឋមន្រ្តី ។

ឯកឧត្តម សេង ឡូត បានថ្លែងថា ក្រៅពីការត្រួតពិនិត្យសំណង់អគារទាំងនោះរួចរាល់​នោះ ដោយ​ឡែកជាង១០០អគារផ្សេងទៀត គឺតម្រូវឱ្យមានការហៅក្រុមហ៊ុនជំនាញ​ដើម្បីមក​ធ្វើកោសល្យវិច័្ចយដើម្បីឱ្យមានភាពច្បាស់លាស់ថាតើអគារទាំងអស់នោះមានគុណភាពអាចបន្តសាងសង់បញ្ចប់ ឬប្រើប្រាស់បានហើយឬនៅ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងបាន​ពិនិត្យលើការងារនេះយ៉ាងម៉ត់ចត់ ហើយជាក់ស្តែងពេលបច្ចុប្បន្ននេះ​កម្ពុជាមានច្បាប់​សំណង់​ក្នុងការគ្រប់គ្រងនិងចាត់វិធានការនៅក្នុងវិស័យសំណង់នេះផងដែរ។ ឯកឧត្តមអ្នកនាំពាក្យ​បានបន្តថា ចំពោះករណីការបាក់រលំអគារនៅខេត្តព្រះសីហនុ និងខេត្តកែបកន្លងទៅនោះ​បញ្ហាធំគឺបញ្ហាបច្ចេកទេស។

ឯកឧត្តមបានបន្ថែមថា ការគោរពបាននូវបទដ្ឋានបច្ចេកទេស គឺជារឿងសំខាន់ ដោយ​ក្នុងនោះក្រសួងបានរកឃើញនូវកំហុសនៃការធ្វេសប្រហែស ការគណនា​សំណង់ធ្វើមិនឱ្យ​បានត្រឹម​ត្រូវ ដែលជាហេតុនាំឱ្យសំណង់ទាំងនេះបានបាក់រលំ៕

ដោយ ចាន់ សុធីវង្ស