ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន៖ ការរៀបចំពេទ្យជំនាញ​មិនទាន់ឆ្លើយតប​ចំពោះ​ការ​កើនឡើងនៃចំនួនអ្នកញៀនគ្រឿងញៀន ក៏ដូចជាសេវាតាមសហគមន៍

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនបានលើកឡើងថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ការរៀបចំពេទ្យជំនាញ​ មិន​ទាន់ឆ្លើយតបចំពោះការកើនឡើងនៃចំនួនអ្នកញៀនគ្រឿងញៀន ក៏ដូចជាការកើន​ឡើងនៃ​សេវាតាមសហគមន៍ និងតាម​មណ្ឌល​បណ្តោះអាសន្ននៅឡើយនោះទេ។ ដែលបញ្ហាទាំង​នេះ​មិនទាន់និយាយដល់ការ​បណ្តុះបណ្តាលបំណិនជីវិត វិជ្ជាជីវៈ ការជួយស្វែងរកការងារ គឺ​សុទ្ធ​តែជាការងារចាំបាច់សម្រាប់គាំទ្រដល់ដំណើរការនៃការធ្វើសមហរណកម្ម។ ការលើកឡើង របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញបើក​សន្និបាត​ស្តីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅ ឆ្នាំ២០២០ និងកិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​នៃការអនុវត្តផែនការ​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​លើកទី៤ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កន្លងទៅ មិនទាន់អាចកំណត់បាននៅភាគរយនៃក្រុមគោលដៅដែលត្រូវបានអប់រំ ហើយការងារ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ក៏នៅពុំទាន់អាចកំណត់បាននូវអ្នកជា ដាច់ និងចំនួនអ្នកលាប់ទៅ​ប្រើគ្រឿងញៀនវិញឡើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី​បាន​បន្ត​ថា ចំណុចខ្វះខាតទាំងនេះនឹងជះឥទ្ធិពល​ជាអវិជ្ជា​មានលើការងារព្យាបាល និងស្តារ​នីតិ​សម្បទា​​ដែល​យើងបាន និងកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។ ទន្ទឹមនេះ ចំពោះ​ការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនក្នុងតំបន់ ពិភពលោក កំពុងជះឥទ្ធិពលមកលើប្រទេសយើង ដែលទាមទារឱ្យពិនិត្យ និងវិភាគដើម្បីឈានដល់​ការ​ដាក់ចេញវិធានការសមស្រប និងមានប្រសិទ្ធភាពនៅក្នុងឆ្នាំ ២០២០នេះ។ ដោយឡែក ការចាត់​ចែងចលនៈ និងអចលនទ្រព្យដែលបានពីការរឹបអូស​ពីបទល្មើសគឺនៅមានភាព​យឺត​យ៉ាវ ដែលធ្វើឱ្យទ្រព្យជាច្រើន​បាត់បង់​គុណភាព និងតម្លៃសេដ្ឋកិច្ច ដែលបញ្ហានេះក៏ជា​ចំណែក​មួយជះឥទ្ធិពលអវិជ្ជាមានដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានណែនាំឱ្យថ្នាក់​ដឹកនាំអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា ក្រសួង ​ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បន្តចាត់វិធានការឱ្យកាន់តែសកម្មថែមទៀត និងបំពញបន្ថែមនូវ​រាល់ចំណុច ខ្វះខាត ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះ​ស្រាយឱ្យមានប្រសិទ្ធភាពពាក់ព័ន្ធ នឹងគ្រឿង ញៀន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីសង្ឃឹម និងជឿជាក់ថា តាមរយៈចំណុចខ្វះខាតដែលបាន​លើកឡើងនេះ ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ នឹងពិនិត្យ ពិភាក្សា ក៏ដូចជាកំណត់ឱ្យបាន​សមស្រប​ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវរាល់ទិសដៅ​សម្រាប់​អនុវត្តន៍ ក្នុងឆ្នាំ២០២០នេះ ដើម្បីធ្វើ​យ៉ាងណាឱ្យការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួល​បាន​ជោគជ័យ​ថែមទៀត៕

ដោយ រិទ្ធី