អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដាក់ចេញនូវវិធានការពង្រឹងការត្រួតពិនិត្យអ្នកដំណើរមកពីប្រទេសចំនួន៦ និងអ្នកដំណើរមកពីប្រទេសផ្សេងៗទៀតចូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដាក់​ចេញនូវវិធានការមួយចំនួន និងណែនាំដល់មន្រ្ដីជំនាញគ្រប់ផ្នែកនៅតាមច្រកទ្វារអន្ដរ​ជាតិទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យអ្នកដំណើរមកពីប្រទេសទាំង៦ រួមមានប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាម៉េរិក និងអ៊ីរ៉ង់ ហាមចូលក្នុងប្រទេស ដើម្បីការពារ និងធានាសុវត្ថិភាពសម្រាប់ការឆ្លងជំងឺផ្សេងៗ ជាពិសេសករណីជំងឺកូវីដ-១៩ នាំចូល​មក​កម្ពុជា។ ការ​លើកឡើងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពី​វិធាន​​ការទប់​ស្កាត់ ជំងឺវីរុស កូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្តម​សេនីយ៍ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អគ្គនាយករង​អន្តោប្រវេសន៍ ប្រធាននាយកដ្ឋាន ក្រុមផ្តល់ទិដ្ឋាការ នាយ-នាយរងប៉ុស្តិ៍ និងមន្រ្ដីពាក់ព័ន្ធ​មួយចំនួនទៀត នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នេះបើយោងតាមផេកហ្វេសប៊ុក​របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងទាក់ទងនឹង​អ្នកដំណើរ​មក​ពីប្រទេស​ទាំង៦ រួមមានប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាម៉េរិក និងអ៊ីរ៉ង់ ហាមចូលក្នុងប្រទេស ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស នៃប្រទេសទាំង៦ មកពីប្រទេស​ទាំង៦ ហាមមិនឱ្យចូល។ អ្នកការទូត អង្គការក្រៅរដ្ឋាភិបាល (NGO) បរទេស នៃប្រទេស​ទាំង៦ ដែលមានប័ណ្ណការទូតពីក្រសួងការបរទេស និងក្រុមគ្រួសារមានប័ណ្ណការទូត និង​ទិដ្ឋាការ អនុញ្ញាតឱ្យឱ្យចូល តែត្រូវរក្សាការរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ចំពោះ​ពលរដ្ឋខ្មែរ​​កាន់លិខិតឆ្លងដែន មកពីប្រទេសទាំង៦ អនុញ្ញាតឱ្យចូល តែត្រូវណែនាំឱ្យរស់នៅ​ផ្តាច់​​ខ្លួនរយៈពេល១៤ថ្ងៃ ជនបរទេសទាំង៦សញ្ជាតិ មកពីប្រទេសផ្សេងៗ ដែលគាត់បាន​ស្នាក់​នៅលើសពី១៤ថ្ងៃ ត្រូវមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ Stamps ឯកសារបញ្ជាក់ផ្សេងៗ ទើបអនុញ្ញាតឱ្យចូល។ ឯកឧត្ដមបានបន្ថែមថា ចំពោះ Pilots ដែលមានការហោះហើរ ដល់​ប្រទេសនោះហើយ ស្នើឱ្យចូល ត្រូវពិនិត្យចត្តាឡីស័កច្បាស់លាស់ រក្សារយៈពេល ១៤ថ្ងៃ ដូចគ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍បានដាក់ចេញនូវវិធានការ​ត្រួតពិនិត្យលើបញ្ជីឈ្មោះអ្នក​ដំណើរតាមផ្លូវអាកាស (Manifest) មកពិនិត្យមុននឹងវាយតម្លៃភ្ញៀវចូល ត្រួតពិនិត្យ Stamps ចូលប្រទេសនានា ដើម្បីពិនិត្យប្រវត្តិដំណើរ សំណូមពរឱ្យបង្ហាញ Boarding Pass មុន Last Destination ត្រូវបំពេញអាស័យដ្ឋាន និងលេខទំនាក់ទំនងឱ្យបានច្បាស់លាស់ និង ធ្វើការសម្ភាសន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍បានជំរុញដល់គ្រប់ផ្នែកទាំងអស់ ត្រូវបង្កើន​ចំនួនប្រធានគោលដៅ នាយរងប៉ុស្តិ៍តាមវេន ត្រូវឱ្យគូសសញ្ញា Tick Yes, No ឈ្មោះប្រទេស​ដែលគាត់រស់នៅ១៤ថ្ងៃ, ត្រូវមានរបាយការណ៍ជាប់ជាប្រចាំ អំពីបញ្ហា Covid 19, ត្រូវសហ​ការល្អជាមួយ ផ្នែកចត្តាឡីស័ក និងពិនិត្យការយកចិត្តទុកដាក់, ត្រូវមានវិធានការការពារ ការឆ្លងរបស់មន្រ្តី ត្រូវពាក់ស្រោមដៃ និងម៉ាស់៕

ដោយ រិទ្ធី