ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់៖ រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបក្នុងករណីមានការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងសហគមន៍

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីឆ្លើយតបក្នុងករណីមានការរីករាលដាលវីរុសកូវីដ-១៩នៅក្នុងសហគមន៍។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “ការងារឆ្លើយតបក្នុងករណីមានការរីករាលដាលវីរុសកូវីដ-១៩នៅក្នុងសហគមន៍ បានក្លាយជាការងារអន្តរវិស័យ គឺពុំមែនទទួលខុសត្រូវត្រឹមផ្នែកសុខាភិបាលមួយមុខនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេចអស់ហើយ ដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដូចជាក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីទាំង២៥រាជធានី-ខេត្ត រួមទាំងប្រជាពលរដ្ឋខ្លួនឯងផងដែរ ជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំ ក៏ដូចជាសារាចរផ្សេងៗ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩នេះ។”

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារាចរណែនាំបន្ទាន់មួយ ដែលមាន០៤ចំណុច ក្នុងនោះទី១គឺសូមកុំឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់បណ្តាប្រទេសអឺរ៉ុប អាម៉េរិក និងអ៊ឺរ៉ង់ បើពុំមែនជាករណីចាំបាច់បំផុតនោះទេ ទី២គឺគ្រប់ក្រសួង ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវអនុញ្ញាតមន្ត្រីរបស់ខ្លួន ចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់ប្រទេសដែលរៀបរាប់ខាងលើនោះទេ ទី៣គឺក្នុងករណីចាំបាច់បំផុតសម្រាប់កិច្ចប្រជុំក្រៅប្រទេស គឺត្រូវស្នើទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្របសម្រួលឱ្យតំណាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសនោះចូលប្រជុំជំនួស និងទី៤គឺរាល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលទើបត្រឡប់មកពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃមកដល់ តាមនីតិវិធីកំណត់របស់ក្រសួងសុខាភិបាល។

គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន១២ករណី ដែល១១ករណីបាននាំចូលពីក្រៅប្រទេស និង១ករណីគឺប៉ះផ្ទាល់មួយអ្នកជំងឺដែលមកពីក្រៅប្រទេស ហើយពួកគាត់ទាំងអស់មានរោគសញ្ញាតិចតួច និងខ្លះពុំមានរោគសញ្ញា ដែលនេះបញ្ជាក់ថាស្ថានភាពពួកគាត់គឺនៅល្អ ពុំទាន់មានអ្វីគួរឱ្យព្រួយបារម្ភនៅឡើយទេ។

ក្នុងចំណោម១២ករណីនេះ មួយករណីបានជាសះស្បើយ និងត្រលប់ទៅប្រទេសកំណើតវិញហើយ នោះគឺអ្នកទេសចរជនជាតិចិន អាយុ៦០ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពីចុងខែមករាកន្លងទៅនេះ ។

ដោយ ផែន រតនៈ