រាជរដ្ឋាភិបាលកម្ពុជាណែនាំវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — អាស្រ័យដោយសព្វថ្ងៃនេះជំងឺកូវីដ-១៩ កំពុងរាតត្បាតជាសកល ពិសេសកំពុងមានភាពធ្ងន់ ធ្ងរ នៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឱ្យមានផលប៉ះពាល់ដល់​សុខ​ភាពប្រជាពលរដ្ឋទូទៅនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត​នៃជំងឺ​កូវីដ-១៩ នេះ។

ក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២០ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជាបាន ណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។ គ្រប់ ក្រសួង​ ស្ថាប័នរដ្ឋទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវអនុញ្ញាតឱ្យមន្ត្រី​រាជការបុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេស​នៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។ ជាមួយគ្នានេះ ក្នុងករណីចាំបាច់ខានមិនបានដែល​តម្រូវឱ្យ​មានតំណាងរបស់កម្ពុជាចូលរួមប្រជុំនៅបណ្ដាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួង​ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឱ្យចូលរួមជំនួស។

ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពី​បណ្ដា​ប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈ​ពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាម​នីតិវិធីកំណត់ដោយក្រសួងសុខាភិបាល។ សម្ដេចតេជោបានបន្ថែមថា ការទទួលបានសារាចរ​ណែ​នាំនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន​ត្រូវចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវ។

គួរបញ្ជាក់ដែរថា ដោយយោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលក្នុង​សេច​ក្តី​ប្រកាស នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដែលបានបញ្ជាក់អំពីករណីវិជ្ជមាន​វីរុសកូវីដ-១៩ ចំនួន០៤ករណីទៀត ដោយបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន០២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងមួយនាក់ និងកូនជនជាតិបារាំងអាយុ៣៥ឆ្នាំ ចំនួន០១​នាក់ផងនោះ បានធ្វើឱ្យករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបាន​កើនដល់ ១២ នាក់ហើយ៕

ដោយ  ជឹម ណារី