អភិបាលខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ ពីសម្ដេចព្រះឧត្តមមុនី ជា សំអាង ទុកសម្រាប់ជនរងគ្រោះ

AKP កណ្តាល​ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — កាលពីរសៀលអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត​កណ្តាល​ បានទទួល​អំណោយ​មនុស្ស​ធម៌​ ពី​សម្ដេច​ព្រះ​ឧត្តម​មុនី​ ជា​ សំអាង​ ព្រះ​មេគណ​ខេត្តកណ្តាល​ និង​ជា​ចៅអធិការវត្ត​សុវណ្ណវារី​ ហៅវត្ត​ព្រែក​តាទែន​ ស្ថិត​នៅ​ឃុំ​ព្រែក​តាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ ដោយ​មានការនិមន្ត និងអញ្ជើញ​ចូលរួម​ពី​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​ ប្រធាន​ អនុប្រធាន អនុសាខាកាកបាទ​ក្រ​ហម​កម្ពុជាស្រុក​ ក្រុង​ ទាំង​១១​ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ មន្ត្រី​ប្រតិបត្តិ​សាខា​ និង​យុវជន​កាកបាទក្រហម​ សរុបជាង ១០០នាក់។

មាន​សង្ឃដីកា​ក្នុង​ពិធី​ទទួល​អំណោយ​មនុស្ស​ធម៌​ សម្ដេច​ព្រះ​ឧត្តមមុនី​ ជា​ សំអាង​ បាន​សម្ដែង​នូវ​ការ​គាំទ្រ​ក្នុង​ការងារ​មនុស្សធម៌​ របស់​កាកបាទក្រហម​កម្ពុជា​​ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋក្រីក្រ​ និងប្រជាពលរដ្ឋ​​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នានា​ នៅ​ក្នុង​ខេត្ត​កណ្ដាល​។ ព្រះ​អង្គ​មាន​សង្ឃដីកា​ថា​ អំណោយ​មនុស្ស​ធម៌​ ដែលបាន​មក​នៅ​ពេល​នេះ​ គឺ​ទទួល​បាន​ពី​ទឹកព្រះទ័យជ្រះ​ថ្លា​ ពី​សំណាក់​ព្រះ​សង្ឃ​គ្រប់​ព្រះអង្គ​ នៅ​ក្នុង​ខេត្ត​។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម​ គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចព្រះឧត្តមមុនី និង ព្រះមន្ត្រីសង្ឃទូទាំងខេត្ត ដែលបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសនេះ ។

ឯកឧត្ដមបានបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត​កណ្តាល​ទទួលបាននៅពេលនេះ រួមមាន ៖ មី ៨៤ កេសតូច ទឹកបរិសុទ្ធ ៥៨កេស ទឹកក្រូច ៥៥កេស និងថវិកាចំនួន ២០លានរៀល ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)