រដ្ឋបាលជលផល និង អង្គ​ការ​ WWF ប្រទះឃើញកូនផ្សោតទីបួននៅអន្លង់ផ្សោតកាំពី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — កាលពីយប់ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រុម​ការងារ​ស្រាវ​ជ្រាវ​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ ​នៃ​រដ្ឋ​បាល​ជល​ផល​ ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និងខេត្ត​ស្ទឹង​ត្រែង និង ​អង្គ​ការ​ WWF កម្ពុជា ​បានចេញរបាយការណ៍មួយរបស់ខ្លួនថា បានរកឃើញកូនផ្សោតទីបួន នៅក្នុង ឆ្នាំ២០២០នេះ នៅអន្លង់ផ្សោតកាំពី​ ។

អង្គការ WWF បានធ្វើកំណត់​​ត្រា​កូន​ផ្សោត​ទន្លេ​មេ​គង្គ​ទើប​កើត​ថ្មី​ នៅ​អន្លង់​ផ្សោត​កាំ​ពី ដែលបានប្រទះឃើញកាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា​ ឆ្នាំ​២០២០នេះ ​ជា​កូន​ទី​បួន​ដែល​ត្រូវ​បាន​កត់​ត្រា​ក្នុង​ឆ្នាំ​នេះ​។ កូន​ផ្សោត​នេះ​មាន​អាយុ​ប្រមាណ​ជា​ប្រាំ​ថ្ងៃ​​ ហើយ​ត្រូវ​បាន​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ ដែល​កំពុង​ធ្វើ​ការ​អង្កេត​ចំនួន​សត្វ​ផ្សោត​តាម​ដង​ទន្លេ​មេ​គង្គ ប្រទះ​ឃើញ​ពេល​វា​កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ធំ​ចំនួន​ពីរ​ទៀត​។

ការប្រទះឃើញកូនផ្សោតទីបួនថ្មីនេះ បានធ្វើឱ្យក្រុមអ្នកអភរ្ស របស់រដ្ឋបាលជលផល និង អង្គការ WWF និងប្រជាពលរដ្ឋ អ្នកស្រឡាញ់សត្វផ្សោត មានការសប្បាយរីករាយយ៉ាងខ្លាំង ហើយបានប្តេជ្ញារួមគ្នាអភិរក្សបន្តទៀត ដើម្បីឱ្យត្រីផ្សោតដែលជិតផុតពូជក្នុងលោកទៅហើយនេះ នៅគង់វង្សបានល្អ៕

ដោយ ណយ នឿន (ប្រភពៈ WWF)