ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តរតនគិរី អញ្ជើញបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តសាយសមុនីរាម

AKP រតនគិរី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — កាលពីព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត  និង ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងសម្ពោធសមិទ្ធផលនានា វត្តសាយសមុនីរាម ស្ថិតក្នុង ភូមិសាយ៉ស់លើ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ ពុទ្ធបរិស័ទ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី មានប្រសាសន៍នៅក្នុងពិធីនេះថា សមិទ្ធផលទាំងអស់នៅទីអារាមនេះ គឺជាការខិតខំប្រឹងប្រែងសាមគ្គី រួបរួមគ្នារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ ឯកឧត្តមក៏បានអំពាវនាវប្រជាពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនាបន្តទៀត ឱ្យកាន់តែរីកចម្រើនស័ក្ដិសមជាសាសនារបស់រដ្ឋ ។ ព្រោះសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អប់រំ សីលធម៌សង្គម ដល់គ្រប់ស្រទាប់មនុស្ស។

ឯកឧត្តម អភិបាលខេត្តរតនគិរី បានបន្តថា សមិទ្ធផលទាំងនេះមានគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ទុកជាមរតកកូនចៅជំនាន់ក្រោយរបស់យើង។

គួររម្លឹកថា សមិទ្ធផលនានា ក្នុងវត្តសាយសមុនីរាម មានតម្លៃសរុបជាង ៩៨២លានរៀល ត្រូវបានរៀបចំពិធីបញ្ចុះខណ្ឌសីមា សម្ពោធជាផ្លូវការតាមប្រពៃណីព្រះពុទ្ធសាសនា៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តរតនគិរី)