អ្នកជំនាញឯកទេសផ្នែកវះកាត់ជំងឺទូទៅ និងប្រព័ន្ធទ្វារបាតលើកទឹកចិត្ដដល់ប្រជាជនកម្ពុជា គួរតែ​ទៅពិនិត្យ និងថតឆ្លុះរកជំងឺមហារីកពោះវៀនធំចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ — អ្នកជំនាញឯកទេសផ្នែកវះកាត់ជំងឺទូទៅ និងប្រព័ន្ធទ្វារបាតនៃមជ្ឈមណ្ឌលសុខភាពសិង្ហបុរី​បាន​​លើកទឹកចិត្ដ​ដល់ប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំងឺទូទៅដែលមានអាយុចាប់ពី៤៥ឆ្នាំ​ឡើង​ទៅ​ គួរទៅជួបគ្រូពេទ្យជំនាញ ឬពិនិត្យ ថតឆ្លុះរករោគសញ្ញាមហារីកពោះវៀនធំ និងទ្វារបាត ដើម្បីបង្ការ និងការពារជំងឺមហារីកនេះបានទាន់ពេលវេលា។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីសុខភាព និងជំងឺមហារីកប្រព័ន្ធរំលាយអាហារ កាលពីថ្ងៃ​ទី១៤ ខែមីនា ​ឆ្នាំ២០២០ នៅជម្ឈមណ្ឌល សិង្ហបុរី មេឌីខល សេនធឺរ ក្នុងរាជធានីភ្នំពេញ លោកវេជ្ជ​បណ្ឌិត JONATHAN FOO អ្នកជំនាញឯកទេសផ្នែកវះកាត់ជំងឺទូទៅ និងប្រព័ន្ធទ្វារបាត មកពី​ប្រទេសសិង្ហបុរីបានលើកឡើងថា ជំងឺមហារីកប្រព័ន្ធរំលាយអាហារពោះវៀនធំ និងទ្វារ​បាត​គឺតែតែកើតនៅក្នុងពោះវៀនធំចាប់តាំងពីផ្នែកខាងឆ្វេងរហូតដល់ផ្នែកខាងស្ដាំ ហើយ​រោគ​​សញ្ញា និងអាក្ការៈដែលកើតឡើងដោយសារតែជំងឺប្រព័ន្ធទ្វារបាតនេះ សង្កេតឃើញថា ពេលដែលបត់ជើងធំមកគឺមានលាយឈាមមកជាមួយលាមក។ លោកវេជ្ជបណ្ឌិតបានបន្ដថា ជំងឺនេះ ប្រសិនបើមិនបានព្យាបាលឱ្យទាន់ពេលវេលានោះទេ គឺហានិភ័យដែលកើតឡើង​ចំពោះ​​អ្នកមានបញ្ហាមហារីកពោះវៀនធំ និងទ្វារបាតនេះ នឹងធ្វើឱ្យស្ទះក្នុងពោះវៀនតែម្ដង ដោយសារតែមានដុំមហារីកដុះនៅក្នុងពោះវៀន  និងអាចរាលដាលទៅសរីរាង្គផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ប្រសិនបើយើងមិនបានបង្ការ និងព្យាបាលឱ្យទាន់ពេលវេលា ជំងឺនេះ ​នឹងចាប់ផ្ដើមរាលដាលដល់សរីរាង្គផ្សេងៗទៀត​ដូចជាតម្រងនោមជាដើម ជាពិសេសអាចធ្វើ​ឱ្យអ្នកជំងឺឈានទៅដល់ការស្លាប់។

លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាជនកម្ពុជាថា ប្រសិនបើពេលបត់​ជើងមកមាន​ឈាមលាយមកជាមួយលាមកច្រើន កុំរង់ចាំបន្ដទៀត ត្រូវមកជួបជាមួយគ្រូពេទ្យឯកទេស និងថតឆ្លុះឱ្យបានច្បាស់លាស់ ដើម្បីការពារ និងព្យាបាលបានទាន់ពេលវេលា។ ទន្ទឹមនេះដែរ ​ចំពោះជំងឺមហារីកពោះវៀនធំ និងទ្វារបាតនេះ គឺកើតឡើងភាគច្រើនលើមនុស្សដែលមាន​អាយុចាប់ពី៤៥ឆ្នាំឡើងទៅ។ ដូច្នេះ ប្រជាជនកម្ពុជាដែលមានអាយុចាប់ពី៤៥ឆ្នាំឡើង គួរមក​ជួបគ្រូពេទ្យ និងធ្វើការថតឆ្លុះ ដើម្បីស្វែងរករោគសញ្ញា ការពារនិងបង្ការបានទាន់ពេលវេលា។ ដោយឡែក ជំងឺមហារីកពោះវៀនធំ និងទា្វរបាតនេះ អ្នកជំងឺខ្លះអាចកើតឡើងមុនអាយុ៤៥ឆ្នាំ ដោយសារតែអ្នកខ្លះមកពីឪពុកម្ដាយគាត់កើតជំងឺមហារីក ដូច្នេះករណីខ្លះអ្នកជំងឺអាច​កើត​ចាប់តាំងពីអាយុជាង២០ឆ្នាំ ឬក៏មានអាយុជាង៣០ឆ្នាំក៏មាន។ តែទោះបីយ៉ាងណាក្ដី ចំពោះ​អ្នកដែលមានអាយុ​ក្រោម៤៥ឆ្នាំ អ្នកជំងឺដែលកើតជំងឺមហារីកពោះវៀនធំ និងទ្វារបាតនេះគឺ​មានកម្រិតតិច​តួច​បំផុត។

លោកវេជ្ជបណ្ឌិតបានលើកទឹកដល់ប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំងឺទូទៅ​ដែល​មាន​អាយុចាប់ពី៤៥ឆ្នាំឡើងទៅ គួរទៅពិនិត្យសុខភាព និងថតឆ្លុះរកជំងឺមហារីកពោះវៀនធំ និង​ទ្វារបាត ប្រសិនបើពួកគាត់មិនមានប្រវត្ដិកើតជំងឺមហារីកនោះទេ។

លោកវេជ្ជបណ្ឌិតបានបង្ហាញនូវប្រភេទអាហារដែលអាចការពារជំងឺមហារីកពោះវៀនធំ និងទ្វារបាតបានគឺត្រូវទទួលទានអាហារស្រស់ៗ ប្រភេទអាហារណាដែលមិនផ្អាប់ ពីព្រោះ​បើយើងហូបតែអាហារប្រភេទផ្អាប់អាចប្រឈមនឹងកើតជំងឺមហារីក។ ក្រៅពីនេះ ដើម្បីបង្ការ និងការពារកុំឱ្យកើតជំងឺមហារីកពោះវៀនធំ និងទា្វរបាតនេះ លោកវេជ្ជ​បណ្ឌិត JONATHAN FOO បានណែនាំថា ត្រូវហូបចំណីអាហារណាដែលស្រស់ៗ ធ្វើលំហាត់ប្រាណ កុំពិសារបារី ឬសុរា គ្រឿងស្រវឹង ពីព្រោះតាមការសិក្សាបង្ហាញថា ការពិសារស្រានេះ គឺមានហានិភ័យ​ខ្ពស់ និងមានទំនាក់ទំនងទៅនឹងជំងឺមហារីកនេះផងដែរ៕

ដោយ អ៊ុន រិទ្ធី