សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាអំពីការកសាង​ផ្លូវថ្មីពីខេត្តបាត់​ដំបង​ទៅខេត្តសៀមរាប

AKP បាត់ដំបង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំ​ឱ្យ​ស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាសម្រាប់កសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបង​ទៅខេត្ត​សៀមរាប ហើយដែលផ្លូវថ្មីនេះ នឹងចំណេញដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីខេត្ត​បាត់ដំបងទៅកាន់ខេត្តសៀមរាបបានរហូតដល់ ៦៩គីឡូម៉ែត្រនោះ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ«ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនាឆ្នាំ២០២០ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំ ឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ និងរមណីយ​ដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវ​អាកាស។ ទន្ទឹមនេះ ត្រូវធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលានយន្តហោះ​បាត់ដំបង​ឡើងវិញ ដោយ​ជំរុញឱ្យសមត្ថកិច្ចជំនាញពិនិត្យឱ្យបានហ្មត់ចត់លើការងារដ៏មានសារៈ​សំខាន់​នេះទេ។ ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌ ដែលនឹងគ្រោង​ដាក់បញ្ចូល​ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO)។ ជាមួយគ្នានេះ ត្រូវរួមគ្នាថែ​រក្សាឱ្យបាននូវបណ្ដាសំណង់បុរាណ ផ្ទះបុរាណ និងស្ពានបុរាណក្នុងខេត្តដោយមិនត្រូវឱ្យ​មានការកែប្រែខុសពីស្ថានភាពដើមឡើយ។ ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណនៃគោល​ដៅ​ទេសចរណ៍អាទិភាព រួមមានទេសចរណ៍ផ្ទះបុរាណ តំបន់ទស្សនាសត្វស្លាប តំបន់​ប្រាសាទ​បាណន់ រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលចេញពីរូង​ពេលមុន​ថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបអាហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។ លើស​​ពីនេះទៀត បន្តរក្សាឱ្យមានសន្តិសុខសណ្ដាប់ធ្នាប់សង្គមគ្រប់តំបន់ទេសចរណ៍​តាមបណ្ដា​ខេត្ត​ជាប់ស្ទឹង ជាប់ទន្លេសាប ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្កាទប់​ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំ​និង​ការលួចឆក់ប្លន់នានាដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។

សម្ដេចតេជោក៏បានការជំរុញការផលិតក្នុងស្រុកដើម្បីផ្គត់ផ្គង់ទេសចរដែលជាគោលដៅ «នាំចេញនៅនឹងកន្លែង និងបន្តជំរុញការផលិតតាមស្តង់ដារ ហើយត្រូវបង្កើតឱ្យ​មាន​ខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍តាមរយៈការបណ្ដុះបណ្ដាលប្រជាពលរដ្ឋដើម្បីទទួល បាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រីនិងសត្វសម្រាប់ផ្គត់ផ្គង់ដល់ទេសចរ។ ក្រៅពី​នេះ ក៏ត្រូវផ្សារភ្ជាប់​កសិកម្មជាមួយទេសចរតាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យ​កសិ​ទេស​ចរណ៍ឱ្យកាន់តែរីកចម្រើនជាមួយនឹងការបណ្ដុះបណ្ដាលជំនាញទេសចរផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចម្អិនម្ហូបអាហារជាដើម៕

ដោយ ជឹម ណារី