អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញឱ្យគ្រប់មន្ទីរ អង្គភាពនៅក្នុងខេត្ដរួមគ្នាទប់ស្កាត់ និងបង្ការ​ ការឆ្លងជំងឺ COVID-19​

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ — អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការអំពាវនាវដល់មន្ត្រីរាជការ​កម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ​ប្រជាពលរដ្ឋ សិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ​ឱ្យបន្តរួមគ្នា​ទប់ស្កាត់ និងបង្ការនៃការឆ្លងជំងឺ COVID-19​ ដែលកំពុងរាតត្បាត​គួរឱ្យព្រួយបារម្ភនោះ។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់ឯកឧត្តមអភិបាលខេត្ដនេះបានធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលការទប់ស្កាត់​ និងបង្ការនៃការឆ្លងជំងឺ COVID-19​ ទូទាំងខេត្តបន្ទាយមានជ័យ​ នៅ​សាល​ប្រជុំ​ធំ​ សាលាខេត្តបន្ទាយមានជ័យ ​​កាលពីរសៀល​ថ្ងៃ​សុក្រ៥រោច​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.ស​២៥៦៣ ត្រូវនឹង ថ្ងៃទី​១៣​ ខែមីនា​ ឆ្នាំ​២០២០​ដែលមានការចូលពីថ្នាក់ដឹកនាំមន្ត្រី​រាជការកងកម្លាំងប្រដាប់ អាវុធអាជ្ញាធរក្រុង​ ស្រុកទាំង៩​​ មន្ត្រីបច្ចេកទេសសុខាភិបាល​លោកគ្រូ ​អ្នកគ្រូ​ តំណាងយុវនិស្សិត​ យុវជន​យ៉ាងច្រើនកុះករនោះ។​

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា មកទល់ពេលនេះ នៅខេត្ត​បន្ទាយមានជ័យ មិនទាន់មានវត្តមានជំងឺ Covid-19 នៅឡើយទេក្នុងទឹកដីខេត្ត​បន្ទាយមានជ័យនេះ។ ឯកឧត្ដម​បានណែនាំអាជ្ញាធរ​ពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចដោយបានរៀបចំក្រុមគ្រូពេទ្យព្យាបាល​និងបន្ទប់សម្រាប់​អ្នកជំងឺឱ្យនៅកន្លែងដែលមានសុវត្ថិភាព ​និងមិនអាចទៅ​ចម្លងអ្នកដទៃ​បានឡើយ។

ឯកឧត្តមអភិបាលខេត្ដបានជំរុញឱ្យមន្ត្រីសុខាភិបាលនិងផ្នែកពាក់ព័ន្ធទាំងអស់ទូទាំងខេត្ត ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយសុខភាពដល់ប្រជាពលរដ្ឋ​ឱ្យចេះអនាម័យការពារ​ថែរក្សា​សុខភាពឱ្យបានគ្រប់ពេលវេលាដែលជាវិធានការមួយចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនានាផងដែរ ក្នុងនោះចំពោះជំងឺCovid-19 ដែលក្រសួងសុខាភិបាលបានដាក់​ចេញ។ ជាមួយគ្នានោះ វិធានការទាំងនោះ រួមមាន ១.ជៀសវាងប៉ះពាល់ជិត​ស្និទ្ធជាមួយអ្នក​មានជំងឺអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកដែលមានបញ្ហាផ្លូវដង្ហើមសង្ស័យ Covid-19 ​​​​​។ ២. លាងដៃឱ្យបានញឹក(ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជា​មួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។ ៣.​ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់​មាត់​និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយពាក់ម៉ាស់ ឬប្រើកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលឱ្យបានត្រឹមត្រូវ និងលាងដៃភ្លាមៗ។ ៤. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្ដាស់, លាងដៃបន្ទាប់ពីមានប៉ះជា​មួយទឹករំអិលផ្លូវដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រ ពិបុគ្គលដែលមានរោគ​សញ្ញាផ្លូវ​ដង្ហើមស្រួចស្រាវជាដើម)។ ៥. ជៀសវាងប៉ះពាល់ជិតស្និតសត្វស្លាប់ ឬកសិដ្ឋានដែល​មាន​សត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងធ្វើចរាចរ។ ចាំបាច់ត្រូវលាងដៃ​ឱ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភព​ចម្លងរោគ។ ៦.ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យស្អាតសុវត្ថិភាពម្ហូបអាហារ​និងពិសារអាហារ​ដែលចម្អិនឆ្អិនល្អ។

ឯកឧត្ដមអភិបាលខេត្តក៏បានស្នើដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ធ្វើការផ្សព្វ​ផ្សាយ​ឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋនូវព័ត៌មានដែលកំពុងមានជាក់ស្ដែងនិងត្រូវនាំគ្នាយកចិត្តទុកដាក់ ទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយដែលទទួលបាន ពីប្រភពមិនច្បាស់លាស់ ដែល​ការផ្សាយនោះធ្វើឱ្យសាធារណជន មានការយល់ច្រឡំមានការភ័យខ្លាចនៅក្នុងខេត្ត ក៏ដូចជា​នៅក្នុងប្រទេសកម្ពុជា ទាំងមូលផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបក៏បានចែកជូន​ប្រដាប់វាស់កម្តៅចំនួន​៩០​គ្រឿង​ ​ដល់ស្នងការនគរបាលខេត្ត​ កងរាជអាវុធហត្ថ​ ខេត្តកងពលតូចថ្មើជើងលេខ៥១​ បញ្ជាការ​ដ្ឋានប្រតិបត្តិការសឹករងខេត្ត​ ពន្ធនាគារខេត្ត​ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​និងគ្រប់​នាយក​សាលានិងម៉ាស៥០,០០០សន្លឹកសម្រាប់​ចែកជូននៅតាមសាលារៀន​ និងច្រកព្រំដែន​ក្នុងខេត្តបន្ទាយមានជ័យ​ ​ទៀតផង៕

ដោយ ឈុន សារ៉ាត