ឯកឧត្ដម ឃួង ស្រេង៖ រដ្ឋបាលរាជធានីនឹងប្រើប្រាស់ រថយន្តដឹកទឹកចែកចាយជូនប្រជាពលរដ្ឋនៅតំបន់ជាយក្រុង 

AKP ភ្នំពេញ  ថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២០ — ស្របពេលដែល នៅតាមបណ្តាខណ្ឌមួយចំនួននៅជាយក្រុងជួបនឹងបញ្ហាកង្វះទឹក ស្អាតប្រើប្រាស់យ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រើប្រាស់រថយន្តដឹកទឹកចែកចាយ ជូនប្រជាពលរដ្ឋនៅតំបន់ជាយក្រុងទាំងនោះ ខណៈសកម្មភាពនេះរដ្ឋបាលរាជ ធានីភ្នំពេញ បាន និងកំពុងអនុវត្តន៍ហើយ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ នៅក្នុងពិធី កិច្ចប្រជុំជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក២០១៩-២០២០ នៅសាលារាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ និងប្រើប្រាស់រថយន្ត ដឹកទឹកដើម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បើនៅតែមិនគ្រប់នឹងប្រើ រថយន្តអគ្គិភ័យ ដើម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋបន្ថែមទៀត។

ឯកឧត្ដម ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ពិសេស ខណ្ឌនៅតាមជាយក្រុងត្រូវតែ ផ្ដល់ព័ត៌មានឱ្យបានជ្រាបអំពីបញ្ហាកង្វះទឹកនេះទៅដល់ប្រជាពលរដ្ឋម្យ៉ាងទៀតយើង ត្រូវ រួមគ្នា ដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងជំរុញឱ្យការថែរក្សាស្រះទឹកក្នុងភូមិ ដើម្បីដោះស្រាយទឹកមួយចំណែកលើ ការលាង ការស្រោច និងការបោកគក់ជាដើម។

ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានឱ្យដឹងថា តម្រូវ ការប្រើទឹកជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវការប្រើប្រាស់ច្រើន និងម្យ៉ាង ទៀតដោយសារកម្ពស់ទឹកទន្លេទាបវាបានធ្វើឱ្យដំណើរការបូមទឹកខ្សោយ ហើយការ ចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ហើយស្ថានភាពផ្គត់ផ្គង់ទឹកស្អាតមិនត្រឹម តែខ្វះនៅពេលនេះទេ គឺបន្តខ្វះឱ្យតែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២២។

ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា សព្វថ្ងៃនេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានទំហំត្រឹមតែជាង៦០ម៉ឺនម៉ែត្រគុប ក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈតម្រូវការប្រើប្រាស់ជាក់ស្តែង ជាង៧០ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ មានន័យថា យើងខ្វះទឹក ប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគុបក្នុង ១ថ្ងៃ ដែលបានធ្វើឱ្យទឹកតំបន់ជាយក្រុងមានការ ខ្វះទឹកប្រើប្រាស់ខ្លាំង។

ឯកឧត្តម ស៊ឹម ស៊ីថា  បានបញ្ជាក់ ឱ្យដឹងផងដែរថា ដើម្បីកាត់បន្ថយនៃកង្វះទឹក ប្រើប្រាស់នេះរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩នេះ បានចុះហត្ថលេខាដើម្បី សាងសង់រោងចក្រផលិតទឹក ស្អាតមួយដែលមានសមត្ថភាពផលិតទឹកបានប្រ មាណ៤០ ម៉ែត្រគុបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែហើយ ក្រោយពីរោងចក្រនេះស្ថាបនារួចរាល់នឹងអាចកាត់ បន្ថយនៃការខ្វះទឹកនេះបាន មួយកម្រិតទៀត។

ឯកឧត្តមក៏បានបញ្ជាក់ថា ជុំវិញបញ្ហាខ្វះទឹកនេះមិនមែនការផលិតទឹករបស់ យើងថយចុះនោះទេតែដោយ សារតម្រូវការប្រើប្រាស់កាន់តែច្រើនពោលគឺរាជធានីភ្នំពេញ មិនត្រឹមតែរីកទទឹង និងបណ្តោយប៉ុណ្ណោះទេ សូម្បីតែកម្ពស់ក៏បានរីកឡើងខ្ពស់ផងដែរ។ ប៉ុន្តែទោះ បីជាយ៉ាងណាក្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ គ្រោងនឹងផលិតនូវទឹកឱ្យ បានមួយលានម៉ែត្រគុបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣។

ស្របពេលដែលស្ថានភាពទឹក មានការខ្វះខាតនេះ ឯកឧត្តម ស៊ឹម ស៊ីថា ក៏បានអំពាវ នាវឱ្យបងប្អូនប្រជាពល រដ្ឋសន្សំសំចៃ លើការប្រើប្រាស់ទឹកស្អាតនេះ ដើម្បី ឱ្យចរន្តទឹកអាច ចែកចាយទៅដល់ប្រជា ពលរដ្ឋដែលរស់នៅជាយទីក្រុង បានប្រើប្រាស់ផង ៕

ដោយ សួស សំរិត