សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទីបី ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៣ ខែ​មីនា ឆ្នាំ​២០២០ — នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃការ អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទីបី ឆ្នាំ២០១៩ និង វគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានសម្រាប់ព្យាករណ៍ចំណូល និងការប្រើប្រាស់ប្រព័ន្ធ NRMIS ព្រមទាំងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យាដល់អង្គ ភាពប្រមូលចំណូល និងអង្គភាពក្រោមឱវាទក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ ខ្ពស់ក្រសួង អង្គភាពពាក់ព័ន្ធ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបប្រមាណ ១០០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង​ដោយផ្តោតជាសំខាន់លើការណែនាំអំពីរបៀប និងនីតិវិធីនៃការបំពេញការងារក្នុងការតាមដានវឌ្ឍនភាពការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទីបី សំដៅធ្វើរបាយការណ៍បូកសរុបជាកញ្ចប់ ហើយ​មន្ត្រីជំនាញ ដែលអញ្ជើញមកពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនាយកដ្ឋាន ហិរញ្ញវត្ថុ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានចូលរួមធ្វើ បទបង្ហាញ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនការយល់ដឹងការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់អង្គភាពក្រោមឱវាទក្រសួង។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានសម្ដែងមោទនភាព ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយរបស់ក្រសួងដែលក្នុងនោះរួមមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ដើម្បី ចុះបញ្ជីយានយន្ត និងពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជាដើម និង​បានវាយតម្លៃខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់របស់មន្ត្រីក្រោមឱវាទក្រសួងទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងផ្ដល់សេវាសាធារណៈ និងសេវាចាំបាច់ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមទាំង អស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឈ្វេងយល់ និងពិភាក្សាឱ្យកាន់តែស៊ីជម្រៅដើម្បី ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តន៍ការងារក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែមានភាពច្បាស់លាស់ និងជួយផ្សព្វផ្សាយទៅក្នុងអង្គភាពរបស់ខ្លួនឱ្យ កាន់តែទូលំទូលាយផងដែរ៕

ដោយ ទេស ច័ន្ទសុធារី