លោក Feral GAYNOR ត្រូវបានតែងតាំងជាសហព្រះរាជអាជ្ញា​អន្ដរជាតិបម្រុងថ្មី​នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០​ — បន្ទាប់ពីមានការស្នើតែងតាំងពីឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហ​ប្រជាជាតិ និងដោយមានការអនុម័តយល់ព្រមពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ទ្រង់បានតែងតាំង លោក Feral GAYNOR ជនជាតិអៀរឡង់ ជាសហព្រះរាជអាជ្ញាបម្រុងថ្មី នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា លោក Feral GAYNOR បានបំពេញការ​ងារជាមេធាវីជំនុំជម្រះ(Trail Attorney) ក្នុងការិយាល័យរដ្ឋអាជ្ញានៅតុលាការព្រហ្ម​ទណ្ឌអន្តរ​ជាតិ សម្រាប់ប្រទេសរវ៉ាន់ដា និងជាតុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រាប់អតីតប្រទេស​យូហ្គោស្លាវី ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ មុនពេលបំពេញការងារជាជំនួយការ​ជាន់ខ្ពស់សហ​ព្រះ​រាជអាជ្ញា​នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦។
ជាមួយគ្នានេះ លោកក៏ធ្លាប់បំពេញការងារជាមេធាវីនាំមុខតំណាងជនរងគ្រោះនៅតុលាកា​រ​ទណ្ឌអន្តរជាតិ(ICC)ក្នុងសំណុំរឿងប្រឆាំងនឹងប្រធានាធិបតីប្រទេសកេនយ៉ា Uhuru Kenyatta ចាប់ពីឆ្នាំ២០១២មក និងតំណាងជនរងគ្រោះមួយក្រុមនៅក្នុងស្ថានភាព​នៅក្នុងប្រទេស​អាហ្វហ្កានីស្ថាន ចាប់ពីឆ្នាំ២០១៩មក ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងការស៊ើបអង្កេត​នៅតុលា​ការ​ ICC។

លោក Gaynor ទទួលបានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រពីមហាវិទ្យាល័យ Trinity College Dublin និងសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជាពីសាកលវិទ្យាល័យ Cambridge។ គាត់ ក៏ជាសមាជិកគណៈមេធាវីប្រទេសអៀរឡង់ និងជាសមាជិកគណៈកម្មាធិការនិពន្ធ​នាយក​នៃព្រឹត្តប័ត្រ Joumal of International Criminal Justice៕

ដោយ រិទ្ធី