អង្គការ JMAS ជប៉ុន បន្តកិច្ចសហការបោសសម្អាតមីន និងការអភិវឌ្ឍនៅ​ខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២០​ — អង្គការ JMAS ជប៉ុនប្រចាំកម្ពុជា បានបន្តរួមសហការជាមួយ CMAC កម្ពុជា និង អាជ្ញាធរ​ដែនដីជំរុញការបោសសម្អាតគ្រាប់មីន ដែលសេសសល់ពីសង្គ្រាមនៅស្រុកម៉ាឡៃ ,អូរជ្រៅ, ​ស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ និងភ្ជាប់ជាមួយការជួយអភិវឌ្ឍន៍នៅក្នុងតំបន់ នេះឱ្យមានភាពរីកចម្រើនឡើង​ថែមទៀត។

នៅក្នុងជំនួបការងារជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយ​មន្ទីរអង្គភាពពាក់ព័ន្ធនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត​​លោក Suenaga Noriyoshi តំណាងអង្គការ JMAS ប្រចាំកម្ពុជាបានឱ្យដឹងថា​ ​ក្រុមការងារ របស់លោកគឺក្នុងគោលបំណង ដើម្បីសុំកិច្ចសហការលើការងារបន្តការអភិវឌ្ឍផ្លូវថ្នល់សាលា រៀនភ្ជាប់ជាមួយ​ការបោសសម្អាតមីន នៅភូមិសាស្រ្តស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុក ស្វាយចេកចំនួន៣ឆ្នាំបន្តទៀត និងជួយជំរុញក្នុងវិស័យកសិកម្មបន្ថែមទៀត ដោយ JMAS ជា អ្នកឧបត្ថម្ភពូជ និងសម្ភារៈមួយចំនួនដែលអនុវត្តន៍នៅលើផ្ទៃដីប្រមាណជាង១៥ហិកតា ដើម្បី ប្រែក្លាយចម្ការមីន ទៅជាដីស្រែចម្ការពណ៌បៃតង និងប្រែក្លាយចម្ការមីនទៅជាចម្ការសុបិន របស់ប្រជាពលរដ្ឋក្រោមគម្រោងថវិកាជំនួយរបស់ស្ថានទូតជប៉ុន​។       ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមអាជ្ញាធរខេត្ត សូមសម្តែងការ កោតសរសើរ និងអរគុណដល់អង្គការ JMAS ជប៉ុន ប្រចាំកម្ពុជា ដែលបានសហការការងារ យ៉ាងល្អជាមួយអាជ្ញាធរខេត្ត និង CMAC ខិតខំលើសកម្មភាពបោសសម្អាតមីន និងគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកមកពីសង្គ្រាមនៅកម្ពុជា ដោយឡែកលើទឹកដីនៃខេត្ត បន្ទាយមានជ័យ និងក្នុងភូមិសាស្ត្រស្រុកគោលដៅទាំងអស់ក្រៅពីសកម្មភាពទាំងនេះអង្គការ ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី កសាង សមិទ្ធផ្សេងៗទៀតមាន ជាអាទិ៍ផ្លូវថ្នល់សាលារៀននៅភូមិសាស្ត្រខ្វះខាត និងក្រោយបញ្ចប់គម្រោងបោសសម្អាតមីន រួចរាល់ ដូច មាននៅក្នុងស្រុកម៉ាឡៃកន្លងហើយ បានសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា ១ខ្នងកាលពីឆ្នាំ២០១៩ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តទៀតថា ដំណើរការនៃគម្រោងបោសសម្អាត មីនរបស់អង្គការ CMACJMAS ក្នុងរយៈពេលកន្លងមកដ៏មានសារៈសំខាន់នេះនឹងនៅតែបន្ត ទទួលលទ្ធផលជាផ្លែផ្កា និងជោគជ័យដ៏ត្រចេះត្រចង់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យ កសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀតដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ​ឱ្យកាន់តែល្អប្រសើរឡើង៕

ដោយ ឈុន សារ៉ាត