ហ្វីលីពីនប្រកាសបិទរដ្ឋធានីម៉ានីលដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានប្រកាសបិទរដ្ឋធានីម៉ានីល និងបញ្ឈប់ការធ្វើដំណើរទាំងអស់ក្នុងប្រទេស ជាវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ខណៈបច្ចុប្បន្ននៅហ្វីលីពីនមានចំនួនអ្នកឆ្លង COVID-19 សរុប៥២ករណី និងអ្នកស្លាប់ចំនួន០៥នាក់ស្លាប់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃ ទី១៣ ខែ មីនា ឆ្នាំ ២០២០។
ថ្លែងទៅកាន់ប្រជាជាតិហ្វីលីពីនតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បត្តិ៍ លោកប្រធានាធិបតី ឌូតឺតេ បានអះអាងថា ការដាក់ចេញនូវផែនការមួយចំនួនក្នុងនោះរួមមានទាំង ការបិទរដ្ឋធានីម៉ានីល ដែលមានប្រជាជន ១២លាននាក់កំពុងរស់នៅនេះ គ្រាន់តែជាវិធានាការបង្ការ និងការពារពលរដ្ឋទាំងអស់គ្នាពី COVID-19 តែប៉ុណ្ណោះ។ជាងនេះទៅទៀត សាលារៀននឹងត្រូវបិទទ្វាររយៈពេលមួយខែ ហើយជៀសវាងការប្រមូលផ្ដុំគ្នា។យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងនៅឡើយថា តើវិធានការនេះនឹងចូលជាធរមាននៅថ្ងៃណានោះទេ តែបើតាមការប្រកាសរបស់លោកប្រធានាធិបតី ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុកតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោកនៅក្រៅទីក្រុងម៉ានីល នឹងចាប់ផ្តើមអនុវត្តនៅចុងសប្តាហ៍នេះតែម្តង។
សូមបញ្ជាក់ថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានក្នុងតំបន់អ៊ឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៊ីតាលី បានកើនឡើងជាបន្តបន្ទាប់ ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏កំពុងប្រឈមមុខនឹងបញ្ហានេះដែរ។ បើតាមអង្គការ WHO ប្រទេសដែលទន់ខ្សោយ ប្រទេសដែលកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈឲ្យបានខ្លាំង ជាងប្រទេសទាំងនេះទៅទៀតដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ៕
ប្រភព៖សារព័ត៌មាន Channel News Asia