ភរិយានាយករដ្ឋមន្រ្តីកាណាដាឆ្លងវីរុស COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លោកស្រី សូហ្វី ហ្រ្គេហ្គ័រ (Sophie Gregoire) ភរិយាលោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីប្រទេសកាណាដា ត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស COVI-19 ក្រោយពេលអ្នកទាំងពីរទើបតែត្រឡប់មកពីចក្រភពអង់គ្លេស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី ១៣ ខែ មីនា ឆ្នាំ ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីកាណាដាបានឲ្យដឹងថា គេបានយកសំណាកលោកស្រី សូហ្វី (Sophie) ទៅធ្វើតេស្តពិនិត្យរកមើលវីរុស COVID-19 ខណៈអ្នកទាំងពីរកំពុងអនុវត្តវិធានការស្ថិតនៅដាច់ដោយឡែកពីគេឯង ក្នុងគេហដ្ឋាន ហើយលទ្ធផលបង្ហាញថាភរិយានាយករដ្ឋមន្រ្តីកាណាដាពិតជាឆ្លងវីរុស COVID-19 ប្រាកដមែន។ ការិយាល័យនាយករដ្ឋមន្រ្តីបញ្ជាក់ថា តាមការណែនាំពីក្រុមវេជ្ជបណ្ឌិតតម្រូវឲ្យ លោកស្រី សូហ្វី និង លោកនាយករដ្ឋមន្ត្រី Trudeau នៅដាច់ដោយឡែក ទោះបីជាសុខភាពរបស់លោកស្រីស្ថិតក្នុងស្ថានភាពធម្មតាក៏ដោយ។ចំណែកមេដឹកនាំកាណាដាវ័យ ៤៨ ឆ្នាំរូបនេះវិញមានសុខភាពល្អជាប្រក្រតី ប៉ុន្តែត្រូវស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសិន ដែលនេះជាវិធានការបង្ការការរីករាលដាលនៃវីរុស COVID-19 ។ម៉្យាងវិញទៀត លោកនាយករដ្ឋមន្រ្តីនឹងបន្តបំពេញភារកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ហើយនឹងថ្លែងទៅកាន់ប្រជាជនកាណាដានៅថ្ងៃស្អែក(ម៉ោងនៅកាណាដា)។
សូមបញ្ជាក់ថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានក្នុងតំបន់អ៊ឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៊ីតាលី បានកើនឡើងជាបន្តបន្ទាប់ សូម្បីតែនៅសហរដ្ឋអាមេរិក។បច្ចុប្បន្ននេះ នៅកាណាដាមានករណីឆ្លង COVID-19 ចំនួន ១៣០ ករណីក្នុងខេត្តចំនួន ៦។
ប្រភព៖សារព័ត៌មាន Channel News Asia