អភិបាលខេត្តមណ្ឌលគិរី ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ជានារីក្នុងសាលាខេត្ត

AKP មណ្ឌលគិរី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៩ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី ក្នុងរដ្ឋបាលសាលាខេត្ត ចំនួន ៥៥នាក់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការចូលរួមចំណែកកសាង និង អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។ ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ស្រ្តី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងក៏បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវចូលរួមថែរក្សាប្រពៃណីវប្បធម៌របស់ខ្លួនឱ្យបានល្អ ចៀសវាងការហូរចូលនូវវប្បធម៌បរទេស ប៉ះពាល់ទៅលើសីលធម៌សង្គម ៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)