មន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ដែលធ្លាប់ជួបផ្ទាល់ជាមួយលោក ដូណាល់ ត្រាំ មានផ្ទុក មេរោគ COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លទ្ធផលធ្វើតេស្តពិនិត្យរកមើលវីរុស COVID-19 លើមន្រ្តីរដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលម្នាក់ ដែលបានចូលរួមកិច្ចប្រជុំផ្លូវការផ្ទាល់ ព្រមទាំងបានឈរថតរូបជុំគ្នាកៀកនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានបង្ហាញថាមន្រ្តីរូបនេះពិតជាមានផ្ទុកវីរុស COVID-19 ។នេះបើតាមការផ្សាយចេញរបស់សារព័ត៌មាន Channel News Asia ។
យោងតាមសារព័ត៌មាន ហ្វូលហា ដឺ សៅប៉ូឡូ (Folha de S.Paulo) របស់ប្រេស៊ីលបានបញ្ជាក់ថា លោក ហ្វាប៊ីយ៉ូ វ៉ាញ៉ាធិន (Fabio Wajngarten) គឺជាមន្ត្រីផ្នែក ទំនាក់ទំនងរបស់ប្រធានាធិបតីប្រេស៊ីល បានអមដំណើរ លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រេស៊ីល បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Florida និងទទួលទានអាហារពេលល្ងាចជាមួយលោកប្រធានាធិបតីដូណាល់ ត្រាំទៀតផងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ពេលនេះលទ្ធផលធ្វើតេស្តពិនិត្យឃើញថា មន្រ្តីប្រេស៊ីលរូបនេះមានផ្ទុក វីរុស COVID-19 ពិតប្រាកដមែន។
សូមបញ្ជាក់ថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានក្នុងតំបន់អ៊ឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៊ីតាលី បានកើនឡើងជាបន្តបន្ទាប់ ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏ដូចគ្នាដែរដោយចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងបានកើនឡើងដល់ ១៣២៣នាក់ ខណៈអ្នកស្លាប់កើនឡើងដល់ ៣៨នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia