ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញ លើកទី១០ អាណត្តិទី៣

AKP កណ្តាល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលដែលទើបឡើងថ្មី បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួនដោយមានការចូលរួមពី ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង មន្ទីរអង្គភាពជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកណ្ដាល ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្តគឺមានតួនាទីសំខាន់ណាស់ក្នុងការពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលស្ថិតក្នុងរដ្ឋបាលឯកភាពខេត្ត ហើយក៏ជាតួអង្គយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា និងគណៈអភិបាលខេត្តផងដែរ។ ដើម្បីរួមគ្នាធ្វើឱ្យសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនានារបស់ខេត្ត ធ្វើឱ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលមានជំនឿទុកចិត្ត និងរួមគ្នាធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្ត គឺជាដៃគូយ៉ាងសំខាន់បំផុតក្នុងការពិភាក្សា ទៅលើការធ្វើកំណែទម្រង់ណាមួយរបស់ខេត្ត ពីព្រោះបើគ្មានការពិភាក្សា ឯកភាពជាមួយគ្នានោះទេ គឺមិនអាចសម្រេចបានចេញជាលទ្ធផលនោះដែរ ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន១០ សំខាន់ៗ ដែលត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងអនុម័តផងដែរ៕

ដោយ ណយ នឿន(ប្រភពៈរដ្ឋបាលខេត្តកណ្តាល)