សម្ដេចតេជោ ហ៊ុន សែន៖ មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបាន ឬប្រហែលឆ្លងកូវីដ-១៩ទៅហើយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​លើក​ឡើងថា មានទូរទស្សន៍បរទេសមួយបានផ្សាយថាសម្ដេចបាន ឬប្រហែលឆ្លងកូវីដ-១៩​ទៅហើយ ខណៈពេលនេះសម្ដេចកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅ​ខេត្តបាត់​ដំបង ដែលសម្ដេចតេជោ ត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ជំងឺកូវីដ-១៩ គឺវាកាចសាហាវណាស់ទៅហើយ តែ​ព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជំងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏គ្រោះថ្នាក់នេះ។ សម្ដេចតេជោក៏បានអំពាវនាវ​សូមឱ្យបងប្អូនជនរួមជាតិចូលរួម​ទប់​ស្កាត់​ការរីករាលដាលនូវជំងឺឆ្លងនេះ តាមរយៈវិធានការអនាម័យដោយ​ចាប់ផ្តើមពីមនុស្ស​ម្នាក់ៗ ​គ្រួសារនីមួយៗ ភូមិនីមួយៗដើម្បីធានាថានៅកម្ពុជាយើងគ្មានជំងឺឆ្លងបន្ថែម​ទៀតលើ​ចំនួន​ដែលបានឆ្លងរួចមកហើយចំនួន០៥នាក់ ក្នុងនោះជនជាតិខ្មែរ០១នាក់ អង់គ្លេស០៣នាក់ និង(ចិន០១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕

ដោយ រិទ្ធី