ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបប្រចាំឆ្នាំលើកទី៤ របស់សហភាព សហគមន៍កសិកម្ម ព្រះវិហារមានជ័យ

AKP ព្រះវិហារ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅផែនការឆ្នាំ២០២០ លើកទី៤ របស់សហភាព សហគមន៍កសិកម្មព្រះវិហារមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ សន្និបាតនេះក៏មានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ អគ្គនាយក អគ្គនាយករងក្រុមហ៊ុន Golden Rice, Amru Rice និង Signature of Asia តំណាងធនាគាអភិវឌ្ឍន៍ជនបទ ធនាគារអេស៊ីលីដា សមាជិកសហភាព សហគមន៍កសិកម្មព្រះវិហារមានជ័យ និងដៃគូអភិវឌ្ឍន៍ សរុប១៤៧នាក់ នៅភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ សហភាព សហគមន៍ព្រះវិហារមានជ័យ មានសហគមន៍កសិកម្មចូលជាសមាជិកសរុបចំនួន ២៤សហគមន៍ ។ លទ្ធផលសំខាន់ៗប្រចាំឆ្នាំ២០១៩ មានការគាំទ្រ និងការសម្របសម្រួលនៃការចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហគមន៍កសិកម្មចំនួន២៥ និងក្រុមហ៊ុននាំចេញចំនួន៣ក្នុងបរិមាណស្រូវសរីរាង្គចំនួន១៥.០០០តោន ។ មានការគាំទ្របច្ចេកទេសកសិកម្ម (បណ្តុះបណ្តាលស្តង់ដារស្រូវសរីរាង្គ បច្ចេកទេសដាំដុះដំណាំគ្របដី និង ការប្រើប្រាស់ឧបករណ៍ដាំគ្រាប់ពូជស្រូវ) ។ មានការគាំទ្រទីផ្សារអង្កររបស់សហគមន៍កសិកម្មចំនួន ១៣ និងមានការផ្គត់ផ្គង់ជីសរីរាង្គ HB101 និងការផ្តល់សេវាកម្មឥណទាន ។

លោកប្រធានមន្ទីរបានបន្តថា ផែនការសហភាពសហគមន៍សម្រាប់ឆ្នាំ២០២០ គឺបន្តគាំទ្រសមាជិកផ្គត់ផ្គង់ស្រូវសរីរាង្គ ជូនក្រុមហ៊ុន៣ កន្លងមកឱ្យបានចំនួន ១៨.០០០តោន។ កែច្នៃ នាំចេញអង្ករសរីរាង្គឱ្យបាន ០៦តោន ជូនក្រុមហ៊ុន អេពីតាប់ គាំទ្រសហគមន៍កែច្នៃអង្ករ ឈ្មោះ អង្ករព្រះវិហារ ឱ្យបាន៣០តោន គាំទ្រសហគមន៍ផលិតសណ្តែកដីសរីរាង្គលក់ឱ្យបាន៧តោន លក់ជីសរីរាង្គ HB101 ឱ្យបាន២០០ដប ។

លោកប្រធានមន្ទីរបន្ថែមទឿតថា សហគមន៍កសិកម្មតស៊ូសែនជ៏យ ទទួលបានចំណាត់ថ្នាក់ល្អ ដោយទទួលបានគោយន្តមួយកំប្លេ(គោយន្តកម្លាំង ១៥៥សេះ កង់ដែក១គូ រនាស់១ ផាលលំពេង១កេស ដូយនិងសោរ០១ឈុត រ៉ឺម៉កដែក០១ឈុត) ។ សហគមន៍កសិកម្មចំនួន២៤ សហគមន៍ដែលជាសមាជិកសហភាពកសិកម្មព្រះវិហារមានជ័យទទួលបានម៉ាស៊ីនបូមទឹកម៉ាក Nikatec កម្លាំង 6,5HP ប្រើសាំងសុទ្ធ ទំហំទុយោចេញ ៥ហ៊ុន និងទុយោតង់ក្រាសល្អ ០១ដុំ មួយឈុតដូចៗគ្នា ។ ទាំងនេះដោយមានការជួយគាំទ្រពីកម្មវិធី ASPIRE នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់សហភាព សហគមន៍កសិកម្មព្រះវិហារមានជ័យ នាពេលនេះ ក្នុងគោលបំណងបង្ហាញពីសមិទ្ធផល និងសកម្មភាពអាជីវកម្មរបស់ខ្លួន ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងបន្តការលើកទិសដៅផែនការ អាជីវកម្ម និងសេវាកម្មសម្រាប់ឆ្នាំ២០២០នេះ ។ ការរៀបចំពិធីនាពេលនេះ បានបង្ហាញនូវបទពិសោធន៍ និងការចែករំលែកពីភាពជោគជ័យរបស់សហភាព សហគមន៍កសិកម្មព្រះវិហារមានជ័យ ស្តីពីការអនុវត្តផលិតកម្មស្រូវសរីរាង្គ តាមកិច្ចសន្យា ហើយក៏ជាការផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់បានជួបមុខគ្នា ក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្តាញរវាងអ្នកផលិត និងអ្នកនាំចេញស្រូវសរីរាង្គ ព្រមទាំងដៃគូអភិវឌ្ឍន៍នានាទៀតផង ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសម្ដែងការជឿជាក់ថា ភាពក្រីក្ររបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ នឹងត្រូវបានកាត់បន្ថយមួយកម្រិតថែមទៀត តាមរយៈសកម្មភាពផលិតស្រូវសរីរាង្គ ដោយផ្អែកលើផលិតកម្ម កសិកម្មតាមកិច្ចសន្យានិងសកម្មភាពអាជីវកម្មផ្សេងៗទៀត​ ។

ឯកឧត្តម បានចែកគោយន្តកន្ត្រៃជូនសហគមន៍ចំនួន១ និងម៉ាស៊ីនបូមទឹកជូនសហគមន៍ ២៥ ដែលជាអំណោយរបស់កម្មវិធីគម្រោង ASPIRE នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ៕

ដោយ ទិត ស្រ៊