សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ របស់ខ្លួន នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងមានការចូលរួមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមានសមាជិកសមាជិការដ្ឋសភា ចំនួន១១៧រូប ចូលរួមផងដែរ។

ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦នេះ មានរបៀបវារៈដែលត្រូវលើក​យកមកពិភាក្សា និងអនុម័ត រួមមាន ១. សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត​យល់ព្រម​លើ​ពិធីសារ ទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៣. សេចក្តី​ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិ​យោគ​ទូលំទូលាយអាស៊ាន។ ៤. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។ ៥. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធា​រណ​រដ្ឋសង្គមនិយមវៀតណាម។ ៦. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​សន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណា​ចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម៕

ដោយ ជឹម ណារី