ឯកឧត្តម គួច ចំរើន ផ្តល់ថវិកាលើកទឹកចិត្តបេក្ខជនជ័យលាភី ផ្នែកស្មូតកំណាព្យ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានផ្តល់ថវិការចំនួន ១.០០០ដុល្លារអាម៉េរិក ដល់ប្អូន គុណ គា រៀនថ្នាក់ទី៧(ក) នៃអនុវិទ្យាល័យតេជោសែន កម្មករ ក្រុង ខេត្តព្រះសីហនុ ជាជ័យលាភីថ្នាក់ជាតិ ផ្នែកស្មូតកំណាព្យ ទទួលបានលេខ១ ទូទាំងប្រទេស ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍កោតសរសើរ ដល់ក្មួយ គុណ គា ដែលបានបញ្ចេញអស់ពីសមត្ថភាពដណ្តើមបានជ័យលាភីថ្នាក់ជាតិ ផ្នែកស្មូតកំណាព្យ ជូនខេត្តព្រះសីហនុ ក៏ដូចមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ។ នេះជាមុខមាត់ថ្មីរបស់ខេត្តយើងដែលមានសិស្សមានសមត្ថភាពស្មូតកំណាព្យទទួលបានជ័យលាភីលេខ១ ព្រមទាំងបានផ្តាំផ្ញើ ត្រូវខិតខំរៀនសូត្របន្តទៀត ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ ក្នុងថ្នាក់ និងក្នុងសាលា ។លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះជាលើកទី១ហើយដែលសិស្សរបស់យើងទទួលបានជ័យលាភីផ្នែកស្មូតកំណាព្យជូនខេត្ត ក៏ដូចមន្ទីរអប់រំ ដែលកន្លងមកឯកឧត្តមអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំនៅខេត្តព្រះសីហនុ ។ ទោះបីឯកឧត្តមបានដឹងថា កូន គុណ គា ជាបេក្ខជនត្រូវជ្រើសរើសទៅចូលរួមប្រឡងថ្នាក់ជាតិនៅរាជធានីភ្នំពេញ ព្រមទាំងបានលើកទឹកចិត្ត និងផ្តល់ជាថវិកាក្នុងការចូលរួមការប្រឡង រហូតទទួលបានជ័យលាភីថ្នាក់ជាតិជូនឯកឧត្តម គួច ចំរើន អភិបាលខេត្ត ដែលបានបំពេញ កាតព្វកិច្ចជាថ្នាក់ដឹកនាំ ក៏ដូចជាលោកឪពុករបស់កូនៗទាំងអស់គ្នានៅខេត្តព្រះសីហនុ ព្រមទាំងបានលើកទឹកចិត្តឱ្យខិតខំបន្តទៀត ។លោកស្រីប្រធានមន្ទីរ ក៏បានផ្ញើសារដល់ប្អូនៗទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ថ្វីត្បិតពេលនេះយើងទទួលបានជ័យលាភីស្មូតកំណាព្យ និងអំណានក៏ពិតមែន តែយើងនៅមានពានរង្វាន់ជាច្រើនទៀតដែលនៅរង់ចាំប្អូនៗ។ ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ជំនួសឱ្យលោកគ្រូអ្នកគ្រូក្នុងខេត្តព្រះសីហនុ សង្ឃឹមជឿជាក់ថាប្អូនៗនឹងខិតខំរៀនសូត្រឱ្យអស់ពីកម្លាំងកាយ ចិត្ត យកកិត្តិយសជូនក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងខេត្តព្រះសីហនុរបស់យើង ។

យុវសិស្ស គុណ គា ជាសិស្សរៀនថ្នាក់ទី៧(ក) នៃអនុវិទ្យល័យ តេជោសែន កម្មករ ស្ថិតក្នុងក្រុង ខេត្តព្រះសីហនុ ជាបេក្ខជនជ័យលាភីថ្នាក់ជាតិ ផ្នែកស្មូតកំណាព្យទូទាំងប្រទេសបានឱ្យដឹងថា ការទទួលបានជ័យលាភីផ្នែកស្មូតកំណាព្យទូទាំងប្រទេសនាពេលនេះ គឺបានដោយ សារការជួយបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលធ្វើឱ្យខ្ញុំមានសមត្ថភាពទទួលបានលទ្ធផលនាពេលនេះ និងសូមផ្តាំផ្ញើទៅមិត្តភក្ដិរួមថ្នាក់ និងរួមសាលាត្រូវតែខិតខំរៀនសូត្រ ដើម្បីឈានទៅដណ្តើមជ័យលាភីថ្នាក់ជាតិ ផ្នែកស្មូតកំណាព្យ និងអំណានជូនសាលា និងខេត្តរបស់យើងនាពេលខាងមុខទៀត ៕

ដោយ ងូ សុមុនី