រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះជួបសួរសុខទុក្ខបុរសជនជាតិខ្មែរដែលបានឆ្លង COVID-19 ពីបុរសជនជាតិជប៉ុន ដែលកំពុងសម្រាកនៅដោយឡែកក្នុងមន្ទីរពេទ្យខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិ បាល នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញទៅជួបសួរសុខទុក្ខផ្ទាល់ អំពីបញ្ហាសុខភាពរបស់ជនជាតិខ្មែរ ដែលបាននិងកំពុងស្នាក់នៅក្រោមការថែរទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារ អ្នកជំនាញនៃមន្ទីរពេទ្យខេត្តសៀមរាប។

ជាមួយគ្នានេះដែរ បុរសជនជាតិខ្មែរដែលមានវិជ្ជមាន មេរោគ COVID-19 មានសេចក្តីរីករាយ និងជម្រាបជូន ឯកឧត្តម អំពីស្ថានភាពសុខភាពរបស់គាត់ គឺមានសភាពធម្មតា មិនមានភាពប្រែប្រួល ឬមានរោគសញ្ញាអ្វីទាំងអស់ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែគាត់និងអ្នកដែលមានហានិភ័យ ចំពោះការឆ្លងមេរោគនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់បុរស់ជនជាតិខ្មែរដែលមានមេរោគកូរ៉ូណា ឱ្យគាត់សហការជាមួយគ្រូពេទ្យថែទាំ និងទទួលទានអាហារ ហាត់ប្រាណឱ្យបានទៀងទាត់ និងកុំឱ្យមានការព្រួយបារម្ភអ្វីទាំងអស់។

ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ និងកោតសរសើរដល់មន្រ្តីសុខាភិបាលដែលបានខិតខំប្រឹងប្រែងប្រតិបត្តិការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការមើលថែទាំអ្នកជំងឺ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។ ឯកឧត្តមមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បុរសជនជាតិខ្មែរដែលមានផ្ទុកមេរោគ COVID-19 នឹងបានជាសះស្បើយពីជំងឺនេះក្រោមការមើលថែព្យាបាលពីគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប៕

ដោយ ឃុត សៅ