ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបសួរសុខទុក្ខបុរសជនជាតិខ្មែរ ដែលបានឆ្លង COVID-19 ពីបុរសជនជាតិជប៉ុន នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប 

AKP សៀមរាប ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានចូលទៅជួបសួរសុខទុក្ខផ្ទាល់ អំពីបញ្ហាសុខភាព របស់ជនជាតិខ្មែរ ដែលបាននិងកំពុងស្នាក់នៅក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញនៃមន្ទីរពេទ្យខេត្តសៀមរាប។

ជាមួយគ្នានេះដែរ បុរសជនជាតិខ្មែរដែលមានវិជ្ជមានមេរោគ COVID-19 មានសេចក្តីរីករាយ និងជម្រាបជូន ឯកឧត្តម អំពីស្ថានភាពសុខភាពរបស់គាត់ គឺមានភាពធម្មតា មិនមានភាពប្រែប្រួលឬមានរោគសញ្ញាអ្វីទាំងអស់ និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែគាត់ និងអ្នកដែលមានហានិភ័យ ចំពោះការឆ្លងមេរោគនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំបុរសជនជាតិខ្មែរដែលមានមេរោគកូរ៉ូណា ឱ្យគាត់សហការជាមួយគ្រូពេទ្យថែទាំ និងទទួលទានអាហារ ហាត់ប្រាណឱ្យបានទៀងទាត់ និងកុំឱ្យមានការព្រួយបារម្ភអ្វីទាំងអស់។

ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ និងថ្លែងនូវការកោតសសើរដល់មន្រ្តីសុខាភិបាល ដែលបានខិតខំប្រឹងប្រែងប្រតិបត្តិការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការមើលថែទាំអ្នកជំងឺ។ ឯកឧត្តម មានសេចក្តីសង្ឃឹមយ៉ាងមុតមាំ ថាបុរសជនជាតិខ្មែរដែលមានផ្ទុកមេរោគ COVID-19 នឹងជាសះស្បើយពីជំងឺនេះ ក្រោមការយកចិត្តទុក្ខដាក់ពីលោកគ្រូ-អ្នកគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ដោយ ឃុត សៅ