រដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា  មានក្រុមហ៊ុនចំនួន២០ហើយ បានមកទទួលយកពាក្យសុំដាក់ដេញថ្លៃការប្រមូលសំរាម

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើកឡើងថា មកដល់ពេលនេះមាន ក្រុមហ៊ុនចំនួន២០ហើយ ដែលបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ហើយកាលបរិច្ឆេទ នៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជ ធានីភ្នំពេញអាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២មិនា នៅសាលារាជធានី ក្រោមអធិបតីភាព ឯកឧត្ដម ប៉ា សុ ជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញទទួលបន្ទុកការងារនេះបានឱ្យដឹងថា នៅពេលខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រមូលសំរាមជា៣តំបន់ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយតំបន់មាន១ក្រុមហ៊ុន ជា អ្នកទទួលខុសត្រូវ។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា បញ្ហាអនាម័យជាបញ្ហាសំខាន់១ ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ តែបញ្ហាចន្លោះប្រហោងនៅតែ មានដោយចៀសមិនផុត។ តែយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញសូមទទួល យកការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតលើការធ្វើអនាម័យ។

ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មមុខងាររបស់មន្ត្រី ដើម្បីជំរុញការអនុវត្តគោល នយោបាយវិមជ្ឈការថ្នាក់ក្រោមជាតិ ដោយផ្ទេរទាំងមុខងារ, ធនធាន, ថវិកាគឺត្រូវមានការ តាមដានត្រួតពិនិត្យជាប្រចាំ និងសំខាន់ទៀតនោះគឺការផ្តល់ សេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

ឯកឧត្ដម ប៉ា សុជាតិវង្ស  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសសើរ ចំពោះ ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធ្វើឱ្យប្រសើរឡើងដំណើរការអភិវឌ្ឍ រាជធានីភ្នំពេញ និងសុំឱ្យធ្វើការងារជាលក្ខណៈប្រព័ន្ធដោយបន្ស៊ីគ្នារវាងរបាយការណ៍ និង ការអនុវត្តជាក់ស្ដែង៕

ដោយ សួស សំរិត