រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅបំពេញកាតព្វកិច្ច បង់ថ្លៃសំរាមតាមប្រព័ន្ធប្រព័ន្ធអេឡិចត្រូនិកទៅតាមកាលកំណត់

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែល ប្រើ ប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រោយពីបានចាប់ផ្តើមអនុវត្តន៍ទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅ រាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាល ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ថា  មានបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយល់ដឹងអំពីនីតិវិធី និងបានចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមសេចក្តីណែនាំលេខ០១៧/១៩ សណន.ស ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ។  ប៉ុន្តែនៅ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវា ប្រមូល សំរាម និងសំណល់រឹងនេះនៅឡើយ ដោយសារបងប្អូននៅពុំទាន់ យល់ពីការផ្លាស់ ប្តូរប្រព័ន្ធ បង់ប្រាក់ថ្មីនេះ និងអ្នកខ្លះទៀតជាប់រវល់បំពេញភារកិច្ចការងារ និងប្រកបមុខរបរ រកស៊ី ប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការបង់ថ្លៃសេវា ប្រមូលសំរាម និង សំណល់រឹងនេះ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឬមិនទាន់មានលេខសម្គាល់អតិថិជន (ID) សូមរួសរាន់ធ្វើការទំនាក់ទំនងមក រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមក បង់ថ្លៃសេវា ប្រមូលសំរាមសម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា ចៀសវាងរងការទទួលនូវវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែ រក្សាអនាម័យ បរិស្ថាន និងសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត៕

ដោយ សួស  សំរិត