សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩  និងលើកទិសដៅឆ្នាំ២០២០

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា។

ឯកឧត្តម គួច ចំរើន បានធ្វើការកោតសរសើវាយតម្លៃលទ្ធផលការងារកន្លង មក ទទួលបានលទ្ធផលល្អ ព្រមទាំងណែនាំដល់សមាជិក សមាជិកាទាំងអស់ ពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិ យោបល់បំពេញបន្ថែម ដើម្បីកែសម្រួលរាល់ខ្លឹមសារ និង សកម្មភាព ដែលនៅខ្វះចន្លោះ និងលើកទិសដៅសកម្មភាពប្រចាំឆ្នាំ២០២០ ដើម្បីធ្វើយ៉ាង ណាឱ្យសាខា និងអនុសាខាទាំងអស់ចូលរួមបំពេញការងារឱ្យបានផុលផុស ក្នុងការជួយដល់ ជនរងគ្រោះងាយរងគ្រោះ ក្មេងកំព្រារក្នុងមូលដ្ឋានក្រុង ស្រុក របស់យើងកាន់ កាន់តែល្អ ប្រសើរ។

ឯកឧត្តមប្រធានបានក្រើនរម្លឹក ដល់មន្រី្តប្រតិបត្តិសាខាចូលរួមបន្តអនុវត្តន៍រាល់ សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យបានកាន់តែល្អប្រសើរ និងសកម្ម ផុលផុស។ ម៉្យាងទៀតត្រូវបន្តជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជា  អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនទីទ័លក្រជាដើម។ល។

ឯកឧត្តមប្រធាន ក៏បានណែនាំគ្រប់សាខា អនុសាខា ត្រូវត្រៀមរៀបចំការងារ ៨ឧសភា ឆ្នាំ២០២០ ដោយធ្វើការពិភាក្សាជាមួយគណៈកម្មាធិការសាខា ត្រៀមយកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សម្រាប់ការប្រារព្ធទិវា ៨ឧសភា ព្រមទាំងស្នើសុំដៃគូវិនិយោគក្នុងខេត្តជួយជួស ជុលកែសម្រួលរៀបចំសាលប្រជុំឱ្យបានធំទូលាយជាងមុន និងសុំឱ្យមន្ទីរ សាធារណការខេត្ត ជួយជួសជុលផ្លូវក្នុងសាខា។

ទន្ទឹមនោះ ឯកឧត្តមប្រធានសាខា បានជំរុញឱ្យបណ្តាសាខាអនុសាខាកាកបាទ ក្រហមទូទាំងខេត្តព្រះសីហនុ បន្តផ្សព្វផ្សាយ​ និងអប់រំ​តាមវត្តអារាមពីវិធានការការពារ ទប់ស្កាត់ការរាលដាលជំងឺ​ Covid-19 បន្ទាប់ពីយើងការបញ្ចប់ការផ្សព្វផ្សាយ​ និងអប់រំនៅ តាមសាលារៀន​ និងសហគមន៍ទូទាំងខេត្កកន្លងមក៕

ដោយ ងូ សុមុនី