ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុប៖ ការជំរុញទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្មលើមុខ​ដំណាំអាទិភាព​ ដើម្បីគាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងថា ការជំរុញទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្មលើមុខដំណាំអាទិភាព និងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ រួមជាមួយការប្រែប្រួលអាកាស​ធាតុគឺត្រូវបានចាត់ទុកជាអាទិភាពក្នុងផែនការយុទ្ធសាស្ត្រថ្មី សម្រាប់គាំទ្រដល់កម្ពុជាក្នុង វិស័យកសិកម្ម។ ការលើកឡើងរបស់ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនេះ ក្នុង​សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃពុធ ៣រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម។

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនលើគ្រប់​វិស័យ​ដែលកម្ពុជាសម្រេចបាន​នាពេលបច្ចុប្បន្ន និងកន្លងមក ជាពិសេសក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទដែលតែង​តែ​ផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រុមការងា​រនៃសហ​ភាពអឺរ៉ុប រួមគ្នាសម្រេចបាន​សមិទ្ធផលជាច្រើន។ លោកជំទាវបានចាត់ទុក​សមិទ្ធផលទាំង​អស់នេះបាននិងកំពុងជួយ​ឱ្យ​វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបានចាត់​ទុកជាវិស័យមួយដ៏សំខាន់​ក្នុងការ​ទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកជំទាវជឿជាក់ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទនឹងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី និងគម្រោងឆ្លើយ​តបទៅនឹងផែនការយុទ្ធសាស្ត្រថ្មីទាក់ទងនឹងការជំរុញទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្ម​កសិ​កម្មលើមុខដំណាំអាទិភាព និងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ រួមជាមួយការប្រែប្រួលអាកាស​នៅកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរ​គុណចំពោះសហភាពអឺរ៉ុប ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ​យ៉ាងល្អមក​កម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោង​ជាច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម ដែលសហភាពអឺរ៉ុបនៅតែបន្តគាំទ្រ ដូចជាក្នុងអនុវិស័យជលផល ដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញប្បទានជាង ១៤០លានអឺរ៉ូ ដើម្បីលើកកម្ពស់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល​ប្រកបដោយចីរភាព និងនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនក្នុងពេលបច្ចុប្បន្ន ជាពិសេសនាពេលអនាគត ដែលចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយប្រទេស កម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ទាមទារឱ្យក្រសួងធ្វើ​កំណែ​ទម្រង់គោលនយោបាយ និងបង្វែរទិសដៅរបស់ខ្លួនពីការផលិតផលិតផលកសិកម្ម​ដើម្បីធានាសន្តិសុខស្បៀង មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅ​ស្រុក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ដើម្បីឆ្លើយតប ក្រសួងបានខិតខំប្រឹង​ប្រែងជំរុញការ​ធ្វើទំនើបកម្មកសិកម្ម យន្តុបនីកម្មកសិកម្ម កសិកម្មបៃតង និងជាពិសេសការពិពិធកម្មកសិកម្ម សំដៅទៅមុខដំណាំដែលកំពុងមានសក្តានុពលក្នុងទីផ្សារ ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ពោត ។ល។ និងជំរុញវារីវប្បកម្មទាំងត្រីទឹកសាប និងត្រីសមុទ្រ ផលិតកម្មសត្វ ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ រួមជាមួយការលើកទឹកចិត្តដល់ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការនៃទីផ្សារ និងកាត់បន្ថយការនាំចេញវត្ថុ​ធាតុ​ដើមឱ្យនៅត្រឹមអប្បបរមា។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា លោកជំទាវឯកអគ្គរដ្ឋទូត នឹងខិតខំពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបបន្ថែមទៀត ហើយបន្តផ្តល់ការគាំទ្រ​ដល់​ក្រសួង ដើម្បីប្រយោជន៍ដល់ប្រជាជន និងប្រជាកសិករកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅតែបន្តមាន​ការ​កើនឡើងគួរជាទីមោទនៈផងដែរ ដោយក្នុងរយៈពេល០២ខែ ដើមឆ្នាំដូចគ្នាប្រៀបធៀបនឹង​ឆ្នាំ២០១៩ គឺមានការកើនឡើងជាង ២១,៧១ភាគរយ។ ទិន្នផលសរុបសម្រាប់រយៈពេល០២ខែ ដើមឆ្នាំ២០២០នេះ គឺបាននាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានជាង ៤១,៣ពាន់​តោន និងបន្លែបានប្រមាណជា ៣៤,៥តោនផងដែរ៕

ដោយ ឡុង ស៊ីវ៉ាន់