ឯកឧត្តម មាស សុភា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នៅខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ « មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ កាលពីថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០២ នៅសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រភេទរបស់ខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីរាជការជានារីជាច្រើនរូបផងដែរ។

ឯកឧត្តម មាស សុភា បាន​លើកឡើង​ថា ​ក្នុងសម័យសង្គមរាស្រ្តនិយមស្រ្តីខ្មែរក៏បាន ចូលរួ​មយ៉ាង​សកម្ម ក្នុ​ងកា​រ​អ​ភិវឌ្ឍប្រទេសជាតិ ក្នុងគ្រប់វិស័យទាំងអស់ និងគ្រប់ជាន់ថ្នាក់ តាំងពីអ្នកនយោបាយ មន្ត្រីរាជការ អ្នក​ជំនួ​ញ និងប្រជាកសិករ ដែលធ្វើឱ្យប្រទេសកម្ពុជា នាសម័យនោះ មានការរីកចម្រើនគួរជាទីកត់សម្គាល់ និងមានកិត្យានុភាពល្បីរន្ទឺលើឆាក អន្តរជាតិ។ ដូចគ្នានេះដែរកម្ពុជាសម័យបច្ចុប្បន្ន យើងក៏ស​ង្កេត​ឃើញ​ពីតួនាទីយ៉ាងសកម្ម​ និង មិនអាចកាត់ផ្ដាច់បានរបស់ស្ត្រីខ្មែរ ក្នុងការចូលរួមចំណែកកសាង និងអ​ភិវ​ឌ្ឍន៍ស​ង្គ​មជាតិ។

ទំាង​នេះបាន​ឆ្លុះ​បញ្ចំាង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ប្រធាន​បទ ​នៃខួប​អនុ​ស្សាវរីយ៍​ទិវា​អន្តរ​ជាតិ​នារី​​​ឆ្នាំ​នេះ​គឺ « មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ » គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ដែលជាការ បង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេស សុខសន្តិភាព ដែលកម្ពុជារកបានយ៉ាងលំបាកក្នុងរយៈពេលកន្លងមក ហើយនេះក៏ជាការរួម ចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ ឡើងនៅក្នុងសង្គម។

ឯកឧត្តមបន្តថា តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល​ដែលបាន​ចាត់ទុកតួនាទី​ស្ត្រីគឺជា​ឆ្អឹង​ខ្នង​នៃសេដ្ឋកិច្ច​​និងសង្គមជាតិ ផែនការ​យុទ្ធ​សាស្ត្រ​នារីរតនៈ ត្រូវបាន​បង្កើតទៀត ដើម្បី​ជំរុញលលើក​កម្ពស់ តួនាទី​របស់ស្ត្រី ក្នុងសេដ្ឋកិច្ច និង សង្គមខ្មែរ លើ​កម្ពស់​សុខុមាលភាពស្ត្រី​ការអប់រំ​ស្ត្រីនៅ​គ្រប់កម្រិត ឱ្យចូលរួម​កាន់តែ​សកម្ម ក្នុងរដ្ឋបាល​សាធារណៈ ការពង្រឹង​ការឈរ​ឈ្មោះ​នៅតាម​បណ្តាភូមិឃុំ សង្កាត់ ទូទាំង​ប្រទេស​ព្រមទំាង​ការពង្រឹង​ឱកាស​ការងារ និង​ការពារ​សិទ្ធិធ្វើការងារ​សម្រាប់ស្ត្រី​ផងដែរ៕​

ដោយ ទិត ស្រ៊