មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់កុំបន្តចែកចាយព័ត៌មានមិនពិត

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានស្នើដល់អ្នកប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ កុំបន្ត ចែកចាយព័ត៌មានមិនពិត ដែលបង្កឱ្យមានអសន្តិសុខសង្គម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅ ការងារបន្ដរបស់ក្រសួង មហាផ្ទៃ» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម នាយឧត្ដម​សេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ថា ចំពោះអ្នកដែលបានបង្កើត​បានជា​គណនីក្លែងក្លាយក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងអស់ ដែលភាគច្រើនអ្នកទាំងនោះ​នៅក្រៅប្រទេសនោះ សូមគិតគូឡើងវិញ។ ត្រង់ចំណុចនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ទង្វើ​របស់ខ្លួនអាចធ្វើឱ្យសង្គមកម្ពុជាមានភាពអសន្តិសុខសង្គម។ ការលើកឡើងរបស់អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃបែបនេះ គឺឃើញបានធ្វើឡើងខណៈដែលពេលបច្ចុ ប្បន្ននេះមានបុគ្គលមួយ​ចំនួនបានបង្កើតនូវផេកក្លែងក្លាយ ឬគណនីក្លែងក្លាយក្នុងការចែករំលែកនូវព័ត៌មានមិនពិត​ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា នឹងធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា​ដែលផ្ទុយពីស្ថានភាពជាក់ស្តែងដែលកម្ពុជាមាន។

ឯកឧត្តមក៏អំពាវនាវដល់អ្នកដែលរស់នៅក្រៅប្រទេស ខណៈខ្លួនកំពុងមានសេចក្តីសុខ​ហើយ សូមកុំមកបង្កភាពចលាចលក្នុងសង្គមកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា សូមទុក​ឱ្យ​អ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានសុខផង ព្រោះកម្ពុជាកំពុងមានសន្តិភាព ហើយ​ប្រជាពលរដ្ឋកំពុងរស់នៅប្រកបដោយភាពសប្បាយរីករាយ និងសុខសាន្តក្នុងសង្គម៕​

ដោយ ចាន់ សុធីវង្ស