រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក្រើនរម្លឹកសារជាថ្មីដល់អភិបាលខេត្ដទាំងអស់ដែលស្ថិតនៅ​ជាប់ព្រំ​ដែនមិនឱ្យមាន​ទម្លាប់​ជួល​ដីស្រែតាមបន្ទាត់ព្រំដែននោះទេ

AKP ព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកសារ​ជាថ្មីដល់​អភិបាលខេត្តទាំងអស់ដែលជាប់ព្រំដែនជាមួយ ប្រទេសជិតខាង​ត្រូវណែនាំ​ប្រជា​ពល​រដ្ឋកុំជួលដីស្រែរបស់ខ្លួនឱ្យទៅកសិករប្រទេសជិតខាង។ ការលើកឡើងរបស់​សម្ដេច​​ក្រឡា​ហោមនេះ ក្នុង​ឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅ​ការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងារ​រាជរដ្ឋាភិបាលចុះ​មូលដ្ឋាន កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

សម្ដេចក្រឡា​ហោម ស ខេង បានគូសបញ្ជាក់ថា ករណីគេសុំជួលដីដើម្បីបង្ក បង្កើន​ផលនៅតាម​ព្រំដែន គឺកុំឱ្យមានឱ្យសោះ ពីព្រោះការធ្វើស្រែ​បន្តិចបន្តួច​នៅតាមព្រំដែន វានឹង​នាំ​ឱ្យមានការស្មុគស្មាញទៅថ្ងៃក្រោយ។ សម្ដេចក្រឡាហោមបានបន្ថែមថា បើប្រជាជនណា ដែលជួលដីស្រែឱ្យទៅប្រទេសជិតខាង គឺខុសច្បាប់ ការធ្វើបែបនេះ ក្នុងន័យដើម្បីការពារ​បូរណ​ភាព អធិបតេយ្យទឹកដីរបស់យើង។

សូមរម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរមួយ ដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឱ្យលក់​ ឬជួលដីស្រែ ដីចម្ការ ឬដីលំនៅឋាននៅតាមតំបន់​ព្រំដែនឱ្យទៅ​ប្រជាពលរដ្ឋនៃប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ឡាវ និងថៃ ជាដើម។ នៅក្នុងសារាចរនោះក៏បានបញ្ជាក់ដែរថា ក្នុងករណី​មានការជួលហើយ តែពុំមានឯក​សារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្តត្រូវបញ្ឈប់លែងឱ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មានឯកសារគតិយុត្តត្រឹមត្រូវការ​ជួលដីនោះអាចបន្តរហូតដល់​អស់​សុពលភាព ហើយបន្ទាប់​ពីអស់សុពលភាព ហាមមិនឱ្យជួលដីនោះបន្តឱ្យប្រជាពលរដ្ឋ ប្រទេសជិតខាងទៀតឡើយ៕

ដោយ រិទ្ធី