ប្តីប្រពន្ធជនជាតិអង់គ្លេស ត្រូវបានយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម បន្ទាប់ពីលទ្ធផល ពិសោធន៍វិជ្ជមានកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ —

បុរសម្នាក់អាយុ ៧៣ឆ្នាំ និងស្រ្តី អាយុ៦៩ឆ្នាំ ដែលជាជនជាតិអង់គ្លេស ហើយត្រូវជាប្តីប្រពន្ធនឹងគ្នា ត្រូវបានក្រុម ការងារប្រយុទ្ធនឹងជំងឺឆ្លង រួមជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាំយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម បន្ទាប់ពីលទ្ធផលពិសោធន៍ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។

ដោយឡែកអ្នកដែលនៅសេសសល់ទាំងអស់ ហើយដែលលទ្ធផលបញ្ជាក់អវិជ្ជមាននោះ នឹងត្រូវបាននាំយក ទៅតាមដានស្ថានភាព និងដាក់ឱ្យនៅដាច់ដោយឡែកនៅសណ្ឋាគារមួយកន្លែងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃដដែលនេះ។

ក្រុមការងាររបស់ក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ក្រុមការងារមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម ផ្នែកពាក់ព័ន្ធផ្សេងៗ ព្រមទាំងលោកស្រីប្រធាន អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការរួមគ្នាធ្វើប្រតិបត្តិការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដំណើរ ក៏ដូចជាជម្រាបជូនអំពីបច្ចុប្បន្នភាព របស់អ្នកទេសចរ និងអ្នកបម្រើការទាំង៦៤នាក់ លើនាវា Viking Cruise Journey បន្តទៀត។

គួររំលឹកផងដែរថា អ្នកដំណើរទាំងអស់នៅលើនាវាមានសរុប ៦៤នាក់ ហើយ៣នាក់ដែលជាជនជាតិអង់គ្លេស ទាំងអស់ ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩ ដោយក្នុងនោះម្នាក់គឺត្រូវបានបញ្ជូនមកព្យាបាល នៅភ្នំពេញ ដោយលក្ខណ្ឌពិការភាព និងសំណូមពរពីសាម៉ីខ្លួនក៏ដូចជាស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និង២នាក់ទៀត ត្រូវដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

គិតរហូតមកត្រឹមរសៀលនេះ កម្ពុជាមានករណីវិជ្ជមានជំងឺកូវីដ-១៩ នេះចំនួន០៥នាក់ហើយ គឺបុរសជនជាតិចិន អាយុ៦០ឆ្នាំ ដែលបានជាសះស្បើយ និងត្រលប់ទៅប្រទេសកំណើតវិញហើយ និងបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ព្រមទាំងអ្នកទេសចរ០៣នាក់ នៅលើនាវា Viking Cruise Journeyនេះ។

ដោយ៖ ផែន រតនៈ