អ៊ីរ៉ង់យល់ព្រមប្រគល់ប្រអប់ខ្មៅរបស់យន្ដហោះដឹកអ្នកដំណើរដែលខ្លួនបានបាញ់ទម្លាក់ឲ្យអ៊ុយក្រែន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសអ៊ីរ៉ង់បានសន្យានៅឯកិច្ចប្រជុំទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលថា នឹងប្រគល់ប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរសរុប១៧៦នាក់ដែលខ្លួនច្រឡំបាញ់ទម្លាក់ទៅឲ្យប្រទេសអ៊ុយក្រែនឬបារាំងសម្រាប់ការវិភាគ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី ១២ ខែមីនា ឆ្នាំ ២០២០។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP (អា អេហ្វ ប៉េ) បានឲ្យដឹងទៀតថា លោក ហ្វាហាដ ប៉ាវ៉ារេស (Farhad Parvaresh) មន្ត្រីតំណាងអ៊ីរ៉ង់នៅអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅទីក្រុងម៉ុងរ៉េអាល់ (Montreal)បានអះអាងថា អ៊ីរ៉ង់នឹង ប្រគល់ប្រអប់ខ្មៅរបស់យន្ដហោះដឹកអ្នកដំណើរដែលខ្លួនបានបាញ់ទម្លាក់ឲ្យទៅរដ្ឋាភិបាលទីក្រុងកៀវ។ប៉ុន្តែ លោក ហ្វ្រង់ស្វ័រ – ហ្វីលីពសាំប៉ាញ (Francois-Philippe Champagne) រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាបានលើកឡើងថា ដរាបណាប្រអប់ខ្មៅនោះបានទៅដល់ដៃ អ្នកជំនាញរបស់យើងដើម្បីធ្វើការវិភាគ ទើបកាណាដាជឿជាក់លើពាក្យសន្យារបស់អ៊ីរ៉ង់ថាជាការពិត។អ៊ីរ៉ង់បានសារភាពថាប្រអប់ខ្មៅទាំងពីររបស់យន្តហោះនោះបានរងការខូចខាត ហើយខ្លួនគ្មានបច្ចេកទេសក្នុងការទាញយកទិន្នន័យបាននោះទេ ខណៈបានរក្សាទុកប្រអប់ខ្មៅទាំងពីរនោះ២ខែមកហើយ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ អ៊ីរ៉ង់បានបាញ់មីស៊ីល ស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ដើម្បីជាការសងសឹង ចំពោះការសម្លាប់មេទ័ពកំពូលរបស់ខ្លួន ហើយបានច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ក្រោយហោះឡើងចេញពីអាកាសយានដ្ឋាន នៅរដ្ឋធានីតេហេរ៉ង់ឆ្ពោះទៅកាន់ទីក្រុងកៀវ បណ្តាលឲ្យអ្នកដំណើរ១៧៦នាក់បាត់បង់ជីវិតទាំងអស់៕
ប្រភព៖សារព័ត៌មាន Channel News Asia