សហរដ្ឋអាមេរិកបញ្ឈប់រាល់ការធ្វើដំណើរជាមួយអឺរ៉ុបរយៈពេល ៣០ ថ្ងៃដើម្បីប្រឆាំងនឹង ការផ្ទុះឡើងនៃ COVID-19

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសផ្អាកបណ្តោះអាសន្នគ្រប់ការធ្វើដំណើរទាំងអស់ជាមួយទ្វីបអ៊ឺរ៉ុបក្នុងរយៈពេល ៣០ ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ខណៈអាមេរិកកំពុងប្រឈមខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ១២ ខែ មីនា ឆ្នាំ ២០២០។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពីសេតវិមាន លោកប្រធានាធិបតីបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ថ្មីបន្ថែមទៀត នៅសហរដ្ឋអាមេរិក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងផ្អាករាល់ការធ្វើដំណើរពីអឺរ៉ុបមកកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣០ ថ្ងៃទៀត ដែលច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃសុក្រសប្តាហ៍នេះ។លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ការរីករាលដាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ដោយសារតែសហភាពអឺរ៉ុបបរាជ័យក្នុងការបញ្ឈប់ការធ្វើដំណើរចូលមកអ៊ឺរ៉ុបពីប្រទេសចិន និងតំបន់ផ្សេងទៀតដែលជាកន្លែងផ្ទុះការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ហើយចុងក្រោយអ្នកដំណើរយ៉ាងច្រើនពីអ៊ឺរ៉ុបបានចូលមកអាមេរិក។
សូមបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នឹងមិនអនុវត្តវិធានការណ៍រិតត្បិតនេះចំពោះអង់គ្លេសនោះឡើយ ទោះបីជាបច្ចុប្បន្ននៅអង់គ្លេសមានករណីឆ្លង COVID-19 កើនឡើងសរុប ៤៦០ករណីក៏ ដោយ៕
ប្រភព៖ សារព័ត៌មាន Channel News Asia