អភិបាលខេត្តកណ្ដាល ប្រកាសតែងតាំងអភិបាលស្រុក ល្វាឯម

AKP កណ្ដាល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងឯកឧត្តម អ៊ុំ សីហា អនុប្រធានទី២ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកល្វាឯម បានអញ្ចើញប្រកាសតែងតាំង លោក កន សុខកាយ អភិបាលរងស្រុកល្វាឯម ជាអភិបាលស្រុក ជំនួសលោក ភឹម ភីរ៉ា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជាអភិបាលរងខេត្តក្រចេះ។

ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលស្រុកថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលស្រុកថ្មីត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ឯកឧត្តមបានបញ្ជាក់ថា លោក កន សុខកាយ ជាមន្ត្រីមួយរូប ដែលបានប្រឡូកក្នុងការងារជាច្រើននៅមូលដ្ឋាន ហើយទទួលបាននូវបទពិសោធន៍លើការងារដឹកនាំ និងការងារគ្រប់គ្រងជាច្រើន ដោយកន្លងមកលោកធ្លាប់បម្រើការងារជាស្មៀនឃុំពាមឧកញ៉ាអុង ជាប្រធានការិយា ល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាស្រុក ជានាយករងរដ្ឋ​បាលសាលាស្រុក និងជាអភិបាលរងស្រុកល្វាឯម តាំងពីឆ្នាំ២០១៦។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានបន្តថា ជាងនេះទៅទៀត លោក កន សុខកាយ ធ្លាប់ទទួលការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា​បត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រ ហើយក៏ជាសិស្សមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាលផងដែរ។ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាល​ខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងលោក កន សុខកាយ ជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម។ ដើម្បីធ្វើឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងជំរុញដល់ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកល្វាឯម សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយអភិបាលស្រុកល្វាឯមថ្មី ឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឱ្យស្រុកល្វាឯម អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)