ក្រសួងបរិស្ថានគ្រោងបង្កើតក្រុមការងារសិក្សាលើការគ្រប់គ្រងបរិស្ថានកាន់តែប្រសើរជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យប្រតិភូគម្រោង CBI ដឹកនាំដោយ លោក Jim Tersleeg អ្នកជំនាញការជាន់ខ្ពស់នៃប្រទេសហូឡង់ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅទីស្តីការក្រសួង។

យោងលើអត្ថបទព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយលើបណ្តាញ សង្គមរបស់ខ្លួនឱ្យដឹងថា នៅក្នុងជំនួបនោះលោក Jim Tersleeg បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីថា កន្លងមកគម្រោង CBI ធ្លាប់បានធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ទាក់ទងនឹងការផលិតសម្ភារតុបតែងផ្ទះ ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ លោក Jim Tersleeg មានបំណងស្នើសុំកិច្ចសហប្រតិបត្តិការល្អពីក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម គិតគូរពីបរិស្ថានឱ្យកាន់តែប្រសើរថែមទៀត។

ប្រភពខាងលើបន្តថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ចំពោះគម្រោង ដែលគិតគូរលើវិស័យបរិស្ថាននៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីគម្រោងបង្កើតក្រុមការងារមួយ ដើម្បីសហការជាមួយគម្រោង ក្នុងរៀបចំផែន ការសកម្មភាពគ្រប់គ្រងបរិស្ថានកាន់តែប្រសើរឡើងថែមទៀត ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោង CBI គឺជាភ្នាក់ងារសហគ្រិននៃប្រទេសហូឡង់ (ទទួលថវិកាពីក្រសួងការបរទេសនៃប្រទេសហូឡង់) ដែលផ្តោតលើកកម្ពស់ការនាំចេញពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទៅកាន់ទីផ្សារអឺរ៉ុប៕

ដោយ ពេជ្រ ណារិទ្ធ