រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

AKP មណ្ឌលគិរី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០–នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្តលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ។ សន្និបាតនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អភិបាល អភិបាលរងក្រុងស្រុកទាំង៥ មេឃុំ ចៅសង្កាត់ ព្រមទាំងមន្រ្តីរាជការរដ្ឋបាលខេត្តមណ្ឌលគិរីជាច្រើននាក់។

លោក ហៀក សុផាន នាយករដ្ឋបាលខេត្ត បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារសម្រេចបាន ឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចង្អុលបង្ហាញផ្ទាល់ពីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍ការងារជាប្រចាំ ។ ដោយបានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសជំរុញបណ្តាមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ឱ្យអនុវត្តន៍ការងារទៅតាមជំនាញនីមួយៗ និងទទួលបានលទ្ធផលជាច្រើននាឆ្នាំកន្លងទៅ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលកម្មភាព នៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តនៅក្នុងឆ្នាំ២០១៩កន្លងមក និងធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តអនុវត្តន៍បានកន្លងមក ។ ព្រមទាំងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើ ដំណោះស្រាយ និងការផ្លាស់ប្ដូរបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើការងារគ្រប់គ្រងវិស័យក្នុងខេត្ត ដើម្បីរួមសហការគ្នាក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបានអនុសាសន៍ល្អដើម្បីឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មីៗថែមទៀត។

ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការសហការអនុវត្តន៍ការងារបានយ៉ាងល្អប្រសើរទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួម និងនិយាយដោយឡែកដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើនបន្ថែមទៀត៕

ដោយ ណយ នឿន(ប្រភពៈរដ្ឋបាលខេត្តរតនគិរី)