អាជ្ញាធរជាតិអប្សរាមមាញឹករៀបចំសណ្ដាប់ធ្នាប់សាធារណៈមុខប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី​​​១២ ខែ​មីនា ឆ្នាំ២០២០ — លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វ ផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងកាលពីរសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ថា អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំសណ្ដាប់ធ្នាប់សាធារណៈមុខបរិវេណប្រាសាទអង្គរវត្ត ដោយផ្តោតទៅលើការរៀបចំអ្នកលក់ដូរចល័ត ការរៀបចំឱ្យចូលទៅចតក្នុងទីតាំងចំណត និងបញ្ឈប់ការចត ឬឈប់រថយន្ត រឺម៉កកង់បីក្រៅទីតាំងចំណត។ ក្រៅពីនេះអាជ្ញាធរជាតិអប្សរាក៏បានរៀបចំកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង បញ្ចៀសការដក់ទឹកក្នុងរដូវវស្សាខាងមុខ ការដាំកូនឈើប្រណិត និងការពង្រីកវាលស្មៅបៃតង ដើម្បីសោភណភាពប្រាសាទអង្គរវត្ត។

លោក ឡុង កុសល បានឱ្យដឹងទៀតថា កិច្ចការខាងលើនេះត្រូវបានអនុវត្តន៍ចាប់តាំងពីចុងខែកុម្ភៈមក ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរមុនដំណាច់ឆ្នាំ២០២០នេះ។ អាជ្ញាធរជាតិអប្សរា ក៏សូមថ្លែងអំណរគុណដល់អាជីវករ អ្នកបើកបររថយន្ត រឺម៉កកង់បី មគ្គុទ្ទេសក៍ទេស   ចរណ៍ ភ្ញៀវទេសចរ រួមនឹងសាធារណជនទាំងអស់ ដែលសហការចូលរួមក្នុងកិច្ចការរៀបចំសណ្ដាប់ធ្នាប់នេះ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍សម្រាប់ពិភពលោក ៕

ដោយ ហង្ស សៀក